ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ខាងមុខនេះសាលារៀនមួយចំនួននឹងត្រូវបិទទ្វារ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យ ចេនឡា នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១២ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ ចំពោះការកក់ស្ទះចរាចរណ៍តាមដងផ្លូវនានា នៅភ្នំពេញនិងចូលរួមសហការជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីរក្សាភាពថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ វិច្ឆិកា ២០១២ ខាងមុខនេះ។
លោក បានបន្តថា មិនមែនមានតែរាជរដ្ឋាភិបាលទេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនោះ គឺប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក៏ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន រួមទាំងប្រទេសមហាអំណាចលើពិភពលោក ដូចជា ប្រធានាធិបតីអាមេរិក មកចូលរួមផងនោះ។
លោក ក៏បានប្រកាសថា ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ វិច្ឆិកា ២០១២ នៅរាជធានីភ្នំពេញ សាលារៀនមួយចំនួន នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងសាលារៀនមួយចំនួនទៀត គឺតម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ វិច្ឆិកា ២០១២ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍៕