លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ មហាន់ស៊ីង​រុះរើ​សមាសភាព​សមាជិក​រដ្ឋាភិបាល

នៅប្រទេសឥណ្ឌា ការប្រកាសរុះរើសមាសភាពសមាជិករដ្ឋាភិបាលត្រូវបានគេរង់ ចំាតំាងពី ៦ខែមកម្ល៉េះ។ តែគឺទើបនៅថ្ងៃអាទិត្យ ទី២៨ តុលាម្សិលមិញទេ ដែលលោកនាយករដ្ឋមន្រ្តី ម៉ាន់ មហាន់ស៊ីងបានប្រកាសពីការដោះដូរសមាជិក រដ្ឋាភិបាលប្រមាណជា ១ភាគ៣។ អ្វីជាការកត់សម្គាល់ ការរុះរើសមាសភាពសមាជិក រដ្ឋាភិបាលពេលនេះបានធ្វើឡើង នៅមួយឆ្នំាមុនការរៀបចំបោះឆ្នោត សភានាឆ្នំា២០១៤និងចំពេលដែលរដ្ឋាភិបាលកំពុងធ្លាក់ប្រជាប្រិយភាព ដោយ សារកំណើន សេដ្ឋកិច្ចថយចុះ និងការផ្ទុះឡើងនូវរឿងអាស្រូវពុករលួយមួយចំនួន។

គឺជាមួយនឹងឥស្សរជនវ័យក្មេង មានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ដែលលោកនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ាន់ មហាន់ស៊ីងបានប្រកាសឲ្យដឹងពីការ ដោះដូរសមាជិកមួយចំនួននៅក្នុង រដ្ឋាភិបាលរបស់លោក។ ជាសរុបមានរដ្ឋ មន្រ្តីមិនតិចជាង៧នាក់និងរដ្ឋលេខាធិការចំនួន១៥រូបត្រូវបានប្តូរចេញពិសេសនៅ ក្នុងក្រសួងយុត្តិធម៌ ក្រសួងការបរទេស ឬមួយក៏ក្រសួងប្រេងឥន្ធនៈ។

តាមរយៈកាយវិការនេះ លោកប្រមុខរដ្ឋាភិបាលឥណ្ឌាបានបង្ហាញឲ្យឃើញពី ឆន្ទៈរបស់ខ្លួនក្នុង ការចាក់បញ្ចូលឈាមថ្មីទៅក្នុងប្រព័ន្ធសរសៃឈាម របស់រដ្ឋាភិបាលលោក ដោយដាក់បញ្ជូលឥស្សរជននយោបាយវ័យក្មេង។ គោលដៅរបស់លោក ម៉ាន់ មហាន់ស៊ីង គឺពង្រឹងគណបក្សសមាជរបស់ លោកដែលកំពុងកាន់អំណាចនិងដៃគូសម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលដើម្បីការ បោះឆ្នោតសភានៅ ឆ្នំា ២០១៤ ខាងមុខ។

ទន្ទឹមគ្នានេះលោក ម៉ាន់ មហាន់ស៊ីងបានប្រកាសឲ្យដឹងថា ការរុះរើសមាស ភាព សមាជិករដ្ឋាភិបាលពេលនេះគឺជាលើកចុងក្រោយមុននឹងការបោះឆ្នោតសភានៅ ឆ្នំា២០១៤។សម្រាប់លោកនាយករដ្ឋមន្រ្តីគណបក្សកាន់អំណាចរបស់លោក ត្រូវការពង្រឹងបន្ថែមដើម្បីលើកឡើងនូវ បញ្ហាប្រឈមមួយចំនួនដែលរដ្ឋាភិបាល ត្រូវតែដោះស្រាយឲ្យខានតែបាន។

ភ្លាមៗគណបក្ស BJP ដែលជាគណបក្សប្រឆំាងធំជាងគេបានចេញ មុខទិតៀន ការសម្រេចដោះដូរ សមាជិករដ្ឋាភិបាលរបស់លោក ម៉ាន់ មហាន់ស៊ីង ដោយ ពួកគេចាត់ទុកការរុះរើនេះ ថាជាការប៉ុនប៉ងរបស់គណបក្សសមាជក្នុងការកែប្រែមុខ មាត់ និងលើកស្ទួយប្រជាប្រិយភាពរបស់គណបក្សឡើងវិញ។

សូមរម្លឹកជូនថា គណបក្សសមាជរបស់លោកស្រី Sonia Gandhi ធ្លាប់មាន រឿងអាស្រូវជាច្រើននិងជាប់ចោទពីបទប្រព្រឹត្តិអំពើពុករលួយតំាងពីការជាប់ឆ្នោត ជាថ្មីរបស់លោកស្រីក្នុងឆ្នំា២០០៩។រឿងអាស្រូវចុងក្រោយគឺជាប់ពាក់ព័ន្ធ នឹងការផ្តល់អាជ្ញាប័ណ្ណ ខុសច្បាប់លើអាជីវកម្មអណ្តូងធ្យូងថ្ម។

យ៉ាងណាក៏ដោយនិងអ្វីជាការកត់សម្គាល់ការដាក់បញ្ចូលរដ្ឋមន្រ្តីវ័យក្មេង ទៅក្នុងរដ្ឋាភិបាលនាពេលនេះមិនប្រាកដថានឹងអាចធ្វើឲ្យគណបក្សកាន់អំណាច បច្ចុប្បន្នទទួលបាន ជ័យជំនះនាការបោះឆ្នោតសភានាឆ្នំា២០១៤ទេ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close