លោកXi Jinpingអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងZhongshanខេត្តGuangdong
Cambodia News
ថ្ងៃទី១៦ ខែវិច្ឆិកា នៅពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុងZhongshanខេត្តGuangdong លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានលើកឡើងថា ត្រូវតែរៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ អនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងនិងសេចក្តីសម្រេចចិត្តគ្រប់ផ្នែកនៃកិច្ចប្រជុំពេញអង្គ ដើម្បីប្រកាន់ខ្ជាប់និងជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍរួមគ្នានៃតំបន់ត្រើយទាំងសងខាងនៃទន្លេZhujiangនិងខិតខំត្រួសត្រាយនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។
លោកXi Jinpingបានអញ្ជើញទៅដល់កោះសិប្បនិម្មិតខាងលិចនៃគម្រោងតភ្ជាប់ក្រុងShenzhen-ក្រុងZhongshanនិងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាអនាគតនៃតំបន់ឈូងសមុទ្រដែលស្ថិតនៅក្នុងសង្កាត់ថ្មីCuiheng ដើម្បីស្វែងយល់អំពីសភាពការណ៍ប្រតិបត្តិការនៃគម្រោងនេះ និងការធ្វើបរិវត្តកម្មឧស្សាហកម្មនិងការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី។លោកបានលើកឡើងថា ត្រូវតែប្រើប្រាស់ឧត្តមភាពនៃមជ្ឈមណ្ឌលគមនាគមន៍ ដើម្បីជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងនវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងឧស្សាហកម្ម។លោកក៏បានលើកទឹកចិត្តសហគ្រាសនិងអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងកម្រិតខ្ពស់ក្នុងវិស័យសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ឆ្នាំ២០២៦គឺជាខួបលើកទី១៦០ឆ្នាំនៃថ្ងៃកំណើតរបស់លោកSun Yat-sen។លោកXi Jinpingបានអញ្ជើញទៅទស្សនាលំនៅដ្ឋានចាស់របស់លោកSun Yat-sen ដើម្បីស្វែងយល់ពីសភាពការណ៍ថែរក្សានៅទីនោះ។លោកបានគូសបញ្ជាក់ថា ត្រូវតែសិក្សាដោយស៊ីជម្រៅអំពីជីវិតនិងគំនិតរបស់លោកSun Yat-sen ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវបដិវត្តន៍របស់លោកSun Yat-sen ដើម្បីអប់រំនិងណែនាំដល់កម្មាភិបាលនិងប្រជាជន ជាពិសេសយុវជនឱ្យរៀនសូត្រពីចរិតលក្ខណៈអស្ចារ្យ និងស្មារតីបម្រើជាតិរបស់លោក៕


