“ទស្សនាប្រទេសចិន – ខេត្ត Hainan ដ៏រស់រវើក” សកម្មភាពបទសម្ភាសន៍រួមនៃក្រុមអ្នកសារព័ត៌មានចិន និងបរទេសសម្រាប់ឆ្នាំ២០២៦ប្រារព្ធធ្វើឡើងនៅក្រុងសានយ៉ា
Cambodia News
នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦ “ ទស្សនាប្រទេសចិន – ខេត្ត Hainan ដ៏រស់រវើក” សកម្មភាពបទសម្ភាសន៍រួមរបស់ក្រុមអ្នកសារព័ត៌មានចិននិងបរទេស ដែលមានការសហការរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី-អាហ្វ្រិក និងស្ថានីយ Hainan នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាប់ផ្តើមដំណើរការនៅមូលដ្ឋានសានយ៉ា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ឆ្នាំនេះផ្តោតលើប្រធានបទ«ការអភិវឌ្ឍជនបទក្នុងតំបន់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន»។
លោក លី សៀនលាំង ( Li Xuanliang ) សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មការបក្សកុម្មុនីស្តចិនខេត្តហៃណាន និងជាអនុប្រធានផ្នែកឃោសនាការបក្សប្រចាំខេត្តហៃណានបានថ្លែងថា ៖ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានចាប់ផ្តើមដំណើរការប្រតិបត្តិការគយពិសេសនៅទូទាំងកោះនេះជាផ្លូវការ ដែលជាវិធានការនិមិត្តរូបមួយរបស់ប្រទេសចិនក្នុងការបន្តជំរុញការបើកទូលាយកម្រិតខ្ពស់ និងការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។ ក្រោយពីការចាប់ផ្តើមដំណើរការប្រតិបត្តិការគយពិសេស ភាគលាភនៃគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មត្រូវបានពន្លឿនចេញជារូបរាង ហើយកម្រិតនៃការបើកចំហត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ ដោយបានឈានចូលដល់ “ដំណាក់កាលមាស” នៃការអភិវឌ្ឍ។ គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ទំហំនៃការនាំចូលទំនិញក្រោមគោលនយោបាយពន្ធសូន្យ (zero-tariff) មានចំនួនសរុប ៣៦២៤ លានយាន់ ដែលជួយកាត់បន្ថយពន្ធចំនួន ៥៩៨ លានយាន់។ ទំហំនៃការលក់ទំនិញនៅក្នុងស្រុកក្រោមលក្ខខណ្ឌលើកលែងពន្ធគយតាមរយៈគោលនយោបាយលើកលែងពន្ធគយរបស់ហៃណានមានចំនួន ៧៥៩ លានយាន់ ដែលបានជួយកាត់បន្ថយពន្ធគយបានជាង ៤៤.៦ លានយាន់។ គោលនយោបាយលើកលែងទិដ្ឋាការ (visa-free entry) ត្រូវបានពង្រីកដល់ប្រទេសចំនួន ៨៨ ចំនួនអ្នកធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែន មានសរុបចំនួន ១៨១ ម៉ឺននាក់ បានកើនឡើង២៧.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះមានចំនួន ៤៧ម៉ឺន៣ពាន់នាក់ជាអ្នកដំណើរអន្តរជាតិដែលចូលមកដោយការលើកលែងទិដ្ឋាការបានកើនឡើងចំនួន ៤០% ។ តួលេខទាំងនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកំពង់ផែពាណិជ្ជកម្មសេរីហៃណានដោយឈរលើការបើកទូលាយកម្រិតខ្ពស់។
លោកស្រី ចាង ហួយ (Zhang Hui) នាយករងនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងថា ៖ ឆ្នាំនេះមានជាឆ្នាំដ៏វិសេសវិសាល ដែលជាខួប លើកទី៣៥នៃ ទំនាក់ទំនងសន្ទនាចិន-អាស៊ានផង និងជាខួប លើកទី៥ នៃការបង្កើតទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ ។ អស់រយៈពេលជាងបីទសវត្សរ៍បានកន្លងផុតទៅ ចិន និងអាស៊ានបានពង្រឹង និងពង្រីកការយោគយល់គ្នាទៅវិញទៅមក ជាមិត្តជិតខាងល្អ ដៃគូល្អ ប្រកបដោយភាពស្និទ្ធស្នាលជាមួយគ្នា ។ខេត្តហៃណានជាបង្អួច និងច្រកទ្វារដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបើកទូលាយរបស់ចិនជាមួយអាស៊ាន។ ហៃណានសព្វថ្ងៃនេះ គឺជាដែនដីដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបើកទូលាយ ដែលកំពុងខិតខំបោះជំហានឆ្ពោះទៅ មុខ ក៏ជាទីកន្លែងដែលមានទេសភាពស្រស់ស្អាត ភូមិស្រុកដ៏សុខដុមរមនា អ្នកភូមិរស់នៅក្នុងសន្តិភាព និងវិបុលភាព។ ដូចនេះ សកម្មភាពបទសម្ភាសន៍លើកនេះ យើងនឹងផ្តោតលើប្រធានបទ « ការអភិវឌ្ឍជនបទក្នុងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន » សង្ឃឹមថា យើងប្រើប្រាស់ក្រសែចក្ខុច្រើនជ្រុង ដើម្បីមើលផ្ទាំងគំនូរដ៏រស់រវើក នៃភាពបន្ស៊ីគ្នានៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និងការអភិវឌ្ឍជនបទ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គិតត្រឹមពេលនេះបានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មានតាមបណ្តាប្រទេសអាស៊ានចំនួនលើសពី១០០ស្ថាប័នហើយ។ « ទស្សនាប្រទេសចិន» ជាព្រឹត្តិការណ៍ផ្លាស់ប្តូររវាងអ្នកកាសែតជាតិ និងអន្តរជាតិដែលបង្កើតឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃ CMG ក្នុងគោលបំណងអញ្ជើញអ្នកកាសែតនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃបណ្តាប្រទេសលើពិភពលោកមកស្វែងយល់ពីប្រទេសចិនដ៏ស្រស់ស្អាត ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងបណ្តាប្រទេសនានា និងការផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជន ។ ព្រឹត្តិការណ៍សម្រាប់ឆ្នាំនេះបានអញ្ជើញអ្នកកាសែតចំនួន ១៩រូបមកពីប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន១១ ស្ថាប័ននៃប្រទេសចំនួន៨ ក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ឡាវ វៀតណាម ទីម័រខាងកើត មីយ៉ានម៉ាជាដើម បូករួមជាមួយអ្នកកាសែតមជ្ឈឹមចិន និងអ្នកកាសែតក្នុងខេត្ត បានបង្កើតប្រតិភូអ្នកកាសែតជាតិនិងអន្តរជាតិដែលមានអ្នកកាសែតចំនួនប្រហែល៥០រូប។
គួររំលឹកថា៖ ហៃណាន (Hainan ) ជាមជ្ឈមណ្ឌលស្នូលលើសមុទ្រដែលតភ្ជាប់ចិនជាមួយពិភពលោក ខេត្តហៃណានមានបរិស្ថានអេកូឡូស៊ីដ៏ល្អបំផុតក្នុងប្រទេសចិន។ ក្នុងសប្តាហ៍ខាងមុខនេះ អ្នកកាសែតមកពីបណ្តាប្រទេសអាស៊ាននឹងអញ្ជើញទស្សនានិងធ្វើបទសម្ភាសន៍នៅតាមកន្លែងជាច្រើន ដូចជាមូលដ្ឋានកិច្ចសហប្រតិបត្តិការកសិកម្មចិននិងអាស៊ាន ទីក្រុងបច្ចេកវិទ្យា តំបន់ការពារផ្កាថ្ម តំបន់ទេសចរវប្បធម៌នៃជនជាតិ លី ដែលជាជនជាតិដើមខេត្តហៃណាន ឧទ្យានជាតិតំបន់ត្រូពិកហៃណាន ភូមិអ្នកនេសាទ មន្ទីរពេទ្យវេជ្ជសាស្ត្របុរាណចិន ដើម្បីឈ្វេងយល់ពីប្រធានបទខុសគ្នាៗជាច្រើនពាក់ព័ន្ធនឹងវិស័យកសិកម្ម វប្បធម៌ និងទេសចរណ៍ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ឱសថបុរាណចិន ការអប់រំអន្តរជាតិ និងការទិញទំនិញរួចពន្ធ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវភាពរស់រវើកនៃខេត្តហៃណានក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ការអភិរក្សអេកូឡូស៊ី ការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងការស្តារ និងអភិវឌ្ឍជនបទ៕

