ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN៖អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០%នៅទូទាំងពិភពលោកហៅស្តូបយ៉ាស៊ូគូនីថាជា “ស្តូបឧក្រិដ្ឋជនសង្រ្គាម”
Cambodia News
ថ្មីៗនេះ លោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុនបានទៅសែននិងដាក់សំណែននៅស្តូបយ៉ាស៊ូគូនី ហើយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុនបានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនី ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។
ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០.៧១%បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិប្រើពាក្យថា “ស្តូបឧក្រិដ្ឋជនសង្រ្គាម”ឱ្យកាន់តែច្បាស់លាស់នៅពេលផ្សាយដំណឹងអំពីស្តូបយ៉ាស៊ូគូនី ដើម្បីដាស់តឿនដល់ពិភពលោកទាំងមូលឱ្យមានការប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមរបស់ជប៉ុន។
ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧.៣៨%បាននិយាយត្រង់ៗថា ទង្វើខុសឆ្គងរបស់លោកស្រីSanae Takaichiនិងអ្នកនយោបាយជប៉ុនផ្សេងទៀតបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មនោសញ្ចេតនារបស់ប្រជាជននៅក្នុងប្រទេសជិតខាងដែលធ្លាប់រងការឈ្លានពានពីយោធានិយមរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤.៦៧%បានលើកឡើងថា ទង្វើរបស់អ្នកនយោបាយជប៉ុនដែលទៅគោរពវិញ្ញានក្ខន្ធនិងដាក់គ្រឿងសំណែននៅស្តូបយ៉ាស៊ូគូនីជាច្រើនលើក គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះសមិទ្ធផលនៃជ័យជម្នះរបស់សង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ វានឹងបំផ្លាញបន្ថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងប្រទេសរងគ្រោះដោយការឈ្លានពានដែលមានភាពតានតឹងស្រាប់។
ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់បណ្តាញCGTN ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៧៤៧៥នាក់បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ ៕

