រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅដល់វិនិយោគិន និងទេសចរចិន មកកាន់កម្ពុជាដោយក្តីជឿជាក់
Cambodia News
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ពពកកំដរដួងខែ មនោសញ្ចេតនាអ្នកជិតខាងល្អដ៏សែនជ្រាលជ្រៅ” នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវិនិយោគិន និងទេសចរចិន ឱ្យអញ្ជើញមកកាន់កម្ពុជាដោយក្តីជឿជាក់ និងទំនុកចិត្តខ្ពស់។
ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្ដដែកថែបដែលមានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដយូរអង្វែងជាង ១ពាន់ឆ្នាំមកហើយ។ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរណ៍ និងទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំ។
ឯកឧត្ដម ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌នាពេលនេះ គឺជាការបោះជំហាន និងការបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយទៀតសម្រាប់ទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដូចជា ការជំរុញការផ្លាស់ប្តូរទស្សនកិច្ចទេសចរណ៍រវាងប្រជាជន និងប្រជាជន។ការរួមចំណែកក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ជាចលករយ៉ាងសំខាន់បន្ថែមទៀតក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសទាំងពីរ។
ជាពិសេស ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ញើសារអំពាវនាវយ៉ាងទូលំទូលាយនិងកក់ក្ដៅបំផុតចំពោះមិត្ដចិនទាំងអស់ មិនថាតែភ្ញៀវទេសចរ ឬអ្នកវិនិយោគនោះឡើយ សូមអញ្ជើញមកកាន់ប្រទេសកម្ពុជាដោយក្តីជឿជាក់ និងមានទំនុកចិត្ដខ្ពស់ ហើយសូមអញ្ជើញមកទទួលយកនូវបដិសណ្ឋារកិច្ចរាក់ទាក់ ស្នាមញញឹមដ៏ស្រស់ស្អាត និងភាពស្រស់ស្រាយរបស់ប្រជាជនកម្ពុជា»។
ឯកឧត្ដមបានបន្តទៀតថា កម្ពុជាមិនមែនគ្រាន់តែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីកន្លែងដែលរាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើអាជីវកម្មវិនិយោគ នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវសុវត្ថិភាព និងភាពកក់ក្តៅ ហាក់ដូចជាស្ថិតនៅក្នុងផ្ទះកំណើតរបស់ខ្លួនផ្ទាល់។
បន្ថែមពីលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការទាក់ទាញទេសចរ/វិនិយោគិនចិន កម្ពុជា-ចិន ក៏បានសហការជំរុញគម្រោង «សម្រាប់ទេសចរណ៍បេតិកភណ្ឌពិភពលោក ទេសចរណ៍យូណាន ទស្សនាអង្គរ», ការកែលម្អ «ច្រករបៀងវប្បធម៌ចិន-កម្ពុជា» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ការបើកខ្សែដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយផ្ទាល់ (ចិន-ឡាវ-កម្ពុជា) ព្រមទាំងការដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ ប្រកបដោយភាពងាយស្រួលផងដែរ៕
វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
