ភាពជោគជ័យនៃទំនើបកម្មកសិកម្មរបស់ចិន រួមចំណែកដល់សន្តិសុខស្បៀងសកល
Cambodia News
ស្របពេលដែល «ទិវាប្រមូលផលកសិករចិនលើកទី៩» ខិតជិតមកដល់ ទិដ្ឋភាពវាលស្រែនៅតាមជនបទបានគ្របដណ្តប់ទៅដោយពណ៌មាសដ៏ស្រស់បំព្រង។ សមិទ្ធផលប្រកបដោយផ្លែផ្កានេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាសាក្ខីភាពដែលឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្ររបស់ចិន ចេញពីប្រទេសដែលធ្លាប់តែជួបប្រទះកង្វះខាតស្បៀងអាហារ រហូតក្លាយទៅជាប្រទេសដែលអាចកសាង សមត្ថភាពកសិកម្មដ៏រឹងមាំ និងកំពុងបោះជំហានដោយទំនុកចិត្តលើមាគ៌ានៃទំនើបកម្មកសិកម្ម។
បើក្រឡេកទៅមើលប្រវត្តិសាស្ត្រមុនការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ប្រជាជនចិនជាង ៨០% ធ្លាប់រស់នៅក្នុងភាពអត់ឃ្លាន។ ទោះបីជាបញ្ហាកង្វះស្បៀងត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមរយៈកំណែទម្រង់ និងការបើកទូលាយចាប់តាំងពីឆ្នាំ១៩៧៨ យ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ នៅតែបន្តគំរាមកំហែងដល់ទិន្នផលដំណាំរបស់កសិករចិន។
ក្នុងបរិបទនេះ រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ស៊ី ជីនពីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ ឱ្យក្លាយជាប្រភពនៃកំណើនប្រកបដោយគុណភាពខ្ពស់។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រដ្ឋាភិបាលចិនបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត ទៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ការផ្គត់ផ្គង់ម្ហូបអាហារ។ ជាក់ស្តែង ដ្រូនកសិកម្ម ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងការធ្វើកសិកម្ម ដើម្បីជួយប្រជាកសិករគ្រប់គ្រងការ
ស្រោចស្រព ការប្រើជី និងការប្រមូលផល ឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរនៅក្នុងការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១-២០២៥) ប្រទេសចិនសម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ឧទ្យានកសិកម្មទំនើបចំនួន ២៥០ កន្លែង, តំបន់ឧស្សាហកម្មពិសេសចំនួន ២១០ និងគម្រោងកសិកម្មតាមឃុំ-សង្កាត់ចំនួន ១.០៩៨ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។ ក្រុមហ៊ុនកសិកម្មធំៗបានកើនឡើងដល់ ៩៤.០០០ ក្រុមហ៊ុន ក្នុងនោះ ២.២៥០ ជាក្រុមហ៊ុនថ្នាក់ជាតិ ហើយបានរួមចំណែកជាវិជ្ជមានដល់ការលើកកម្ពស់សេដ្ឋកិច្ចជនបទ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ ទិន្នផលស្បៀងរបស់ចិន សម្រេចបានលើស ៧០០ លានតោន ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ពោលគឺ ៧០៦,៥ លានតោនក្នុងឆ្នាំ២០២៤ និង ៧១៤,៩ លានតោនក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ មិនត្រឹមតែពង្រឹងឯករាជ្យភាពស្បៀងអាហាររបស់ចិនទេ ប៉ុន្តែថែមទាំងជួយសម្រាលសម្ពាធ និងទប់ស្កាត់អតិផរណានៃតម្លៃស្បៀងនៅលើទីផ្សារសកលផងដែរ។
សម្រាប់ប្រទេសដែលមានប្រជាជនជិត ២០% នៃប្រជាជនសកល ជាមួយនឹងទំហំដីដែលអាចដាំដុះបានតិចជាង ១០% នៃផ្ទៃដីសកលសរុប ការធានាសន្តិសុខស្បៀងមិនមែនជាកិច្ចការងាយស្រួលឡើយ។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនមិនត្រឹមតែអាចជោគជ័យលើបេសកកម្មនេះទេ ប៉ុន្តែថែមទាំងបន្តពង្រឹងសមត្ថភាពនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ថ្មីៗនេះ ប្រទេសចិនទើបតែបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍកសិកម្ម និងជនបទ» ក្នុងក្របខ័ណ្ឌ «ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំលើកទី ១៥ (២០២៦-២០៣០)» ដោយបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់ហានិភ័យសន្តិសុខស្បៀង, ការពន្លឿននវានុវត្តន៍បច្ចេកវិទ្យា, ការលើកកម្ពស់គុណភាពជីវិតប្រជាជនជនបទ, និងការជំរុញកំណើនកសិកម្មប្រកបដោយចីរភាព។ ក្នុងនោះ ចិនបានកំណត់គោលដៅយុទ្ធសាស្ត្រក្នុងការបង្កើនសមត្ថភាពផលិតកម្មស្បៀងសរុប ឱ្យឈានដល់ ៧២៥ លានតោន នៅត្រឹមឆ្នាំ២០៣០។
ក្រៅពីផលប្រយោជន៍ជាតិ ភាពជោគជ័យនៃទំនើបកម្មកសិកម្មចិន ក៏បានរួមចំណែកដល់សន្តិសុខស្បៀងសកលផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO), មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD), និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រទេសចិនបានបង្កើតវេទិកាបង្ហាញ និងបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជាច្រើន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយបានចែករំលែកបច្ចេកវិទ្យាជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ការដាំដុះស្រូវកូនកាត់ទិន្នផលខ្ពស់ (Hybrid Rice), បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រែ, និងប្រព័ន្ធធារាសាស្ត្រសន្សំសំចៃទឹកជាដើម។
សរុបមក ភាពជោគជ័យនៃទំនើបកម្មកសិកម្មរបស់ចិន មិនត្រឹមតែពង្រឹងឯករាជ្យភាពស្បៀងអាហារជាតិទេ ប៉ុន្តែថែមទាំងធានានូវស្ថិរភាពសម្រាប់សន្តិសុខស្បៀងសកលផងដែរ។ តាមរយៈគោលនយោបាយបើកទូលាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិននឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងការចែករំលែកឧត្តមានុវត្តនៃកសិកម្មទំនើបរបស់ខ្លួន ក្នុងការកសាងប្រព័ន្ធស្បៀងអាហារពិភពលោកមួយ ដែលមានភាពធន់ ចីរភាព និង
វិបុលភាពរួមសម្រាប់មនុស្សជាតិទាំងមូល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
