បទវិភាគ៖​ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនពន្លឿន​ការ​ធ្វើបរិវត្តកម្ម​ឆ្ពោះ​ទៅ​រក​ភាព”បៃតង”​ដើម្បី​បំពេញបន្ថែម​នូវ​កម្លាំងចលករបៃតង​កាន់តែច្រើន​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​នា​នា

Cambodia News

នាពេលថ្មីៗនេះ ​នៅតាម​កំពង់ផែយ៉ាងចូវ ​ខេត្តជាំងស៊ូ ​ប្រទេសចិន ​ម៉ាស៊ីន​ថាមពលដើរ​ដោយ​ខ្យល់​ចំនួន ​៤ ​ឈុត​ត្រូវបាន​ស្ទូចឡើង​លើ​នាវា​សម្រាប់​នាំចេញទៅបរទេស ​។ ​យោង​តាម​ការបង្ហាញ​របស់​បុគ្គលិក​បានឱ្យដឹងថា ​កាលពីមុន ​ការនាំចេញ​គ្រឿងបរិក្ខារថាមពល​ដើរ​ដោយ​ខ្យល់​របស់​ប្រទេសចិន​ភាគច្រើនគឺ ​នាំចេញ​គ្រឿងបន្លាស់​តែប៉ុណ្ណោះ ​ប៉ុន្តែ ​ស្រប​ពេល​ដែល​បរិមាណ​នាំ​ចេញ​បាន​កើនឡើង​និង​ខ្សែ​សង្វាក់ឧស្សាហកម្ម​ប្រមូលផ្តុំព្រមៗគ្នា ​បច្ចុប្បន្ន​នេះ ​នៅ​តាម​កំពង់​ផែ​យ៉ាង​ចូវ ​ចំនួន​គ្រឿងបរិក្ខារ​ថាមពល​ដើរ​ដោយ​ខ្យល់​ជាង ​៩០ ​ភាគរយ​សុទ្ធ​តែ​ជា​ការ​នាំចេញ​ម៉ាស៊ីនទាំងមូល ​ហើយ​សមាមាត្រ​នៃ​ផលិតផល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ត្រូវ​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់ ​។

នេះគឺជា​ការឆ្លុះបញ្ចាំងដ៏រស់រវើក​នៃ​ការអភិវឌ្ឍប្រកបដោយភាពបៃតង​នៃ​”ការផលិត​ដោយ​ចិន” ​។ ​នាពេលថ្មីៗកន្លងទៅនេះ ​មហាសន្និបាត​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿន​ទូទាំង​ប្រទេស​បាន​បើក​ធ្វើ​នៅទីក្រុងប៉េកាំង ​។ ​ក្នុងមហាសន្និបាតលើកនេះ ​បានពាំនាំ​នូវ​អនុសាសន៍​ណែនាំ​សំខាន់​របស់​លោក ​Xi ​Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន ​។ ​លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​ត្រូវ​ប្រកាន់ខ្ជាប់ទិសដៅ​ដែល​ប្រកប​ដោយ​ភាពវៃឆ្លាត ​ភាពបៃតង​និង​ការរួមបញ្ចូលគ្នា ​ពង្រឹង​និង​ពង្រីកឧស្សាហ​កម្ម​កម្មន្ត​សាល​ដ៏​ជឿន​លឿន​ជាបន្តបន្ទាប់​ដើម្បី​ផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លា​ដល់​ការជំរុញ​ការធ្វើទំនើបកម្មតាម​បែប​ផែន​ចិន ​។ ​អ្នកវិភាគបានសម្គាល់ឃើញថា ​ការរៀបចំចាត់ចែងនៃខ្លឹមសារ​អំពី​”ភាពបៃតង”​ក្នុង​មហា​សន្និបាតលើកនេះ​មិនត្រឹមតែ​បាន​នាំមកនូវ”ភាពបៃតង”​កាន់តែច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សា​ហកម្ម​កម្មន្តសាល​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​បាន​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​ថ្មី​
សម្រាប់​ពង្រីក​ពាណិជ្ជកម្មបៃតង​ផងដែរ ​។

«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម​បៃតង​របស់​ចិន(ឆ្នាំ ​២០២៦ ​)»​ដែល​ចេញផ្សាយ​នា​ពេល​ថ្មីៗនេះ​បាន​បង្ហាញថា ​នៅឆ្នាំ ​២០២៥ ​បរិមាណសរុប​នៃការនាំចេញ​នាំចូល​ពាណិជ្ជ​កម្ម​បៃតង​របស់ប្រទេសចិន​បានឈានដល់ ​៨០២,២៥១ ​ពាន់លានដុល្លារអាមេរិក ​ស្មើ​នឹង ​១៤,៦៨ ​ភាគរយ​នៃ​ទំហំ​សរុប​ខាង​ពាណិជ្ជកម្មបៃតងសកល​ដែលបានឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​លើពិភពលោក ​។ ​ក្នុងរយៈពេល ​៨ ​ខែដំបូងនៃឆ្នាំ ​២០២៦ ​ការ​នាំចូល​នាំ​ចេញ​ផលិតផលរបស់ចិន​មានដូចជា​រថយន្តអគ្គិសនី ​អាគុយលីចូមនិងផលិតផល​ប្រព័ន្ធ ​PV ​ជា​ដើម​បាន​កើន​ឡើង​ប្រហែល ​៤០ ​ភាគរយ​បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នានៃ​ឆ្នាំ ​២០២៥ ​ហើយ​ការ​បញ្ជាទិញ​ផលិតផល​ដូចជា​ទួរប៊ីនខ្យល់ ​កប៉ាល់បៃតង​និង​គ្រឿងបរិក្ខារ​សន្សំ​សំចៃ​ថាមពល​និង​ការពារ​បរិស្ថាន​បានកើនឡើងជាបណ្តើរៗ ​។

បច្ចុប្បន្ននេះ ​ពាណិជ្ជកម្មសកល​កំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ​នៃ​ការធ្វើ​បរិវត្តកម្ម​ភាពបៃ​តង​និង​កាបូនទាប ​។ ​ពាណិជ្ជកម្មបៃតង​ចាត់ទុក​ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព​ជាទិសដៅ​ប្រតិបត្តិការ ​វា​មិនត្រឹមតែបាន​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ​​ប៉ុន្ត​ថែមទាំង​បាន​ពង្រីក​លំហអភិវឌ្ឍន៍​នៃ​ឧស្សាហកម្មផងដែរ ​។ ​យោង​តាម​ការប៉ាន់ប្រមាណ​នៃ​របាយការណ៍​សន្និសីទ​អង្គការសហ​ប្រជា​ជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ​បាន​បង្ហាញថា ​គិត​ដល់ឆ្នាំ ​២០៣០ ​តម្លៃក្នុងទីផ្សារ​នៃបច្ចេកវិទ្យាបៃតងទំនើបៗ​ដូចជា​រថយន្ត​អគ្គិសនី ​ថាមពលពន្លឺព្រះអាទិត្យ ​ថាមពលខ្យល់​និងថាមពលអ៊ីដ្រូសែនបៃតង​ជាដើម​នឹង​ឈាន​ដល់ ​២,១ ​ទ្រីលានដុល្លារអាមេរិក ​។ ​ក្នុងនាមជា​តួអង្គ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បៃតង​ធំ​ទី​មួយ​លើទូទាំងពិភពលោក ​ការដែល​ប្រទេសចិន​ពង្រីក​ពាណិជ្ជកម្មបៃតង​មិនត្រឹមតែ​មាន​អំណោយផល​ដល់​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​របស់ខ្លួន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ប្រទេសកំពុងអភិវឌ្ឍន៍​ឱ្យ​សម្រេចបាននូវ​ការធ្វើបរិវត្តកម្មបៃតង​ផងដែរ​ដែលបាន​រួម​ចំណែក​សម្រាប់​ការ​ឆ្លើយតប​ទៅនឹង​បម្រែបម្រួលអាកាសធាតុសកល ​។

ប្រទេសចិនមិនត្រឹមតែជាអ្នកផ្គត់ផ្គង់​ដ៏​សំខាន់​នៃ​ផលិតផលបៃតង​សកល​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​ជាទីផ្សារដ៏សំខាន់​នៃ​ផលិតផលបៃតង​សកលផងដែរ ​។ ​នៅឆ្នាំ ​២០២៥ ​ទំហំ​នាំចូល​ផលិត​ផល​បៃតង​របស់ប្រទេសចិន​បានឈានដល់ ​៣៥៩,៦២៤ ​ពាន់លានដុល្លារ​អាមេរិក​ដែល​ស្មើ​នឹង ​១២,៩១ ​ភាគរយ​នៃ​ទំហំ​នាំចូលផលិតផលបៃតងសកល ​ក៏បាន​ឈរនៅ​ចំណាត់​ថ្នាក់​លេខ​១​នៅលើពិភពលោកផងដែរ ​។ ​ការពង្រីក​ទីផ្សារ​ក្នុងស្រុក​សម្រាប់​ផលិត​ផល​បៃតង​និង​កាបូន​ទាប​របស់​ប្រទេសចិន​បាន​ជំរុញ​ឱ្យ​ខ្សែសង្វាក់ផ្គត់ផ្គង់សកល​ពន្លឿន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព”បៃតង” ​។

នៅ​ពេលអនាគត ​ស្របពេល​ដែល​ឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន​របស់​ចិន​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាពវៃឆ្លាត ​ភាពបៃតង​និង​ការរួមបញ្ចូលគ្នា ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេសចិន​ក៏នឹង​ពន្លឿន​ការ​ធ្វើបរិវត្តកម្ម​ទៅ​រក​ភាព”បៃតង”​ដើម្បី​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​បៃតង​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​នៃ​ប្រទេស​នា​នា ​ក៏ដូចជា​រួម​ចំណែក​កាន់​តែ​ច្រើន​ដល់​អភិបាលកិច្ចអាកាសធាតុសកល ​៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close