បទវិភាគ៖សង្កេតមើលពីការកើនឡើង​និង​អនាគត​នៃ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេសចិន​តាមរយៈ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល

Cambodia News

ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ​៥ ​នឹងប្រព្រឹត្តិទៅនៅទីក្រុង ​Hangzhou ​ខេត្ត ​Zhejiang ​ប្រទេសចិន​ចាប់ពីថ្ងៃទី ​២៣ ​ដល់ថ្ងៃទី ​២៧ ​ខែកញ្ញា​ខាងមុខ ​។ ​ក្នុងនាមជា​ពិព័រណ៍​ថ្នាក់ជាតិ​​អន្តរជាតិនិងមាន​លក្ខណៈជំនាញតែមួយគត់​នៅក្នុងប្រទេសចិន​ដែលផ្តោតលើ​ប្រធាន​បទ​​ពាណិជ្ជកម្មឌីជីថល  ​ពិព័រណ៍នេះ​បាន​ទាក់ទាញ​សហគ្រាស​ចិននិង​អន្តរជាតិ​សរុប​ជាង ​៥០០០ ​និង​ពាណិជ្ជករ​ឯកទេស​ចំនួន ​៨៧០០០ ​នាក់ ​ហើយ​ការតាំងបង្ហាញ​ជាលើកដំបូង​នូវ​ផលិតផល​បច្ចេកវិទ្យាថ្មីៗ​ជាង ​១២០០ ​។ ​ក្នុង​ឱកាស​ឆ្នាំ​ចាប់​ផ្តើម​នៃ​ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥​របស់ចិន ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​មិនត្រឹមតែ​ជាការរំលឹកឡើងវិញនូវ​សមិទ្ធផលអភិវឌ្ឍន៍​នៃ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​របស់​ចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​ជា​ការរៀបចំត្រួសត្រាយផ្លូវ​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​សម្រាប់​ពេលអនាគត​ផងដែរ ​។

សមិទ្ធផល​ដែលទទួលបាន​ក្នុង​វិស័យ​ពាណិជ្ជកម្មឌីជីថល​របស់ចិនមានភាពលេចធ្លោ​និង​គួរឱ្យទាក់ទាញអារម្មណ៍​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពាណិជ្ជកម្មឌីជីថល​បានក្លាយជា​កម្លាំង​ដ៏សំខាន់​មួយ​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ​។ ​ទិន្នន័យបាន​បង្ហាញថា ​ចាប់​ពី​ឆ្នាំ ​២០១៦ ​ដល់ឆ្នាំ ​២០២៥ ​បរិមាណសរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូប​នីយ​កម្ម​របស់​ប្រទេសចិន​មានការកើនឡើងជាមធ្យមប្រចាំឆ្នាំចំនួន ​១១,២ ​ភាគរយ​ដែល​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃសកលលោកចំនួន ​១,៨ ​ភាគរយ ​។ ​ក្នុងចំណោមនោះ ​ទំហំ​នាំ​ចេញ​នាំ​ចូល​ប្រព័ន្ធ​ទូរគមនាគមន៍ ​កុំព្យូទ័រ​ និង​សេវាកម្មព័ត៌មាន​បាន​កើន​ឡើង​​ពី ​៩៣,៧៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ ​២០២០ ​ ​ដល់ ​១៥៤,៥៣ ​ពាន់លានដុល្លារអាមេរិក​ដែល​អត្រា​កំណើន​គិតជាមធ្យមក្នុងមួយឆ្នាំ​មានចំនួន​លើសពី ​១០ ​ភាគរយ ​។ ​ការ​ពង្រីក​ជា​លំដាប់​នូវ​ពាណិជ្ជកម្ម​បច្ចេកវិទ្យាឌីជីថល ​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​ផលិត​ផល​ឌីជីថល ​ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព​នៃ​ពាណិជ្ជកម្មសេវាកម្មឌីជីថល ​និង​ការ​អនុវត្ត​ជាក់ស្តែងយ៉ាងសកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្មទិន្នន័យ​–​”ទិដ្ឋភាពថ្មីៗ​នៃ​ពាណិជ្ជកម្ម​ឌីជីថល”​ចំនួន ​៤ ​បានបង្ហាញពី​ការ​បោះជំហានទៅមុខយ៉ាងមុតមាំ​របស់​ប្រទេស​ចិន​ដែល​ប្រែ​ក្លាយ​ពី​”ប្រទេសធំបំផុតខាងពាណិជ្ជកម្ម”​​ទៅជា​”ប្រទេសខ្លាំងក្លា​ខាង​ពាណិជ្ជកម្ម” ​។

បញ្ញាសិប្បនិម្មិត​កំពុង​ក្លាយជា​និមិត្តសញ្ញា​ដ៏លេចធ្លោបំផុត​នៃវិស័យពាណិជ្ជកម្ម​ឌីជី​ថល ​។ ​ពិព័រណ៍ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ”ការជួបជាមួយអនាគតនៃ ​AI ​នៅ​ឯ​ពិព័រណ៍​ពាណិជ្ជកម្មឌីជីថលសកល” ​។ ​សហគ្រាសដែលចូលរួមការតាំង​ពិព័រណ៍​បញ្ញា​សិប្ប​និម្មិត​មាន​សមាមាត្រលើសពី ​១ ​ភាគ ​៣ ​ហើយមូលដ្ឋានធ្វើតេស្តការ​ប្រើ​ប្រាស់​កម្មវិធី ​AI ​នឹង​បង្ហាញមុខ​ព្រមៗ​គ្នា​ដោយ​បង្ហាញ​យ៉ាង​គ្រប់​ជ្រុងជ្រោយ​អំពី​ខ្សែសង្វាក់ច្នៃប្រឌិត​ទាំង​មូល ​ចាប់​ពី​ម៉ូដែល​ទូ​ទៅ ​ការ​ប្រើប្រាស់​ក្នុងឧស្សាហកម្ម​រហូតដល់​ប្រព័ន្ធ ​Terminal ​ឆ្លាតវៃ ​។ ​វេទិកា​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ឌីជីថល​សំខាន់​ៗ​ចំនួន​បួន​លើ​ទូទាំង​ពិភពលោក ​ដូចជា ​Alibaba ​Google ​Amazon​ និង ​Meta ​នឹងប្រមូលផ្តុំគ្នាជាលើកដំបូង​ ម៉ូដែលធំៗលំដាប់​កំពូល​ជាង ​២០០ ​ដែល​បូក​រួមទាំង ​Qwen ​និង ​DeepSeek ​ជាដើម​បានបង្ហាញមុខព្រមៗគ្នា ​។ ​

លើស​ពី​នេះ​ទៅ​​ទៀត ​ពិព័រណ៍លើក​នេះក៏បានរៀបចំពន្លាពិព័រណ៍អនាគត ​AI ​ក្រោម​ប្រធាបទ​”ថូខិន​(Token)”​ជា​លើក​ដំបូង​ផងដែរ ​ដែល​បានដាក់តាំង​បង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេវាកម្ម​ម៉ូដែល ​ចាប់ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខាង​កុំព្យូធីង​ដល់​ម៉ូដែលធំ​សំខាន់ៗ ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ជា​ដើម ​រហូតដល់​សេណារីយ៉ូកម្មវិធី​ដូចជា ​”AI+ពាណិជ្ជកម្ម​អន្តរជាតិ”​និង​”AI​+វេជ្ជសាស្ត្រ ​”ជាដើម​ ។ ​នា​ពេល​ថ្មីៗកន្លងទៅនេះ ​ពាក្យគន្លឹះមួយ​ដែល​ត្រូវ​គេ​លើក​ឡើង​ជាញឹក​ញាប់ ​គឺ​សេដ្ឋកិច្ច​ថូខិន ​។ ​”ការជួញដូរថូខិន”​សម្រេចបាន​នូវ​ការទូទាត់​ដូចជា​ការ​បង់ថ្លៃ​អគ្គិសនី​ដោយ​គិត​តាម​”គីឡូវ៉ាត់ម៉ោង”​និងថ្លៃទឹកគិតតាមដោយ”តោន” ​អ្នក​ប្រើ​ប្រាស់​បាន​ប្រើ​ប្រាស់”ថូខិន”​ដើម្បី​ទូទាត់យ៉ាងទៀងទាត់ ​។ ​បច្ចុប្បន្ននេះ ​វេទិកា​ជួញ​ដូរ​ថូខិន​បញ្ញា​សិប្បនិម្មិត​ទីមួយ​នៃ​ប្រទេស​ចិន​បានដំណើរការជាផ្លូវការនៅក្រុង​ហូហុត ​ប្រទេស​ចិន​ដើម្បី​ផ្តល់​សេវាកម្ម​ជួញ​ដូរ​”ថូខិន”​ដល់អ្នកប្រើប្រាស់ប្រកបដោយភាព​ងាយ​ស្រួល ​ភាពបៃតងនិង​កា​បូន​ទាប ​គុណភាព​ខ្ពស់​និង​តម្លៃ​ថោក​សមរម្យ ​។

ភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅនៃ​”AI+ពាណិជ្ជកម្ម”​បែបនេះ​កំពុង​បង្កើត​ថ្មី​នូវ​តក្កវិជ្ជានៃ​ពាណិជ្ជកម្មសកល ​។ ​ខណៈពេល​ដែល​កុំព្យូធីង​អាច​ទាក់ទង​ជាមួយ​ពាណិជ្ជករ​ក្រៅ​ប្រទេស​ក្នុង​គ្រប់កាលៈទេសៈ ​វិភាគ​ពី​ដំណើរការ​នៃ​ទីផ្សារដោយឆ្លាតវៃ​និង​បង្កើតជា​ការ​ណែ​នាំ​ផលិតផល​ដោយ​ពហុ​ភាសារ​តាមរយៈការ​ចុច​តែម្តង ​។ ​ខណៈ​ពេល​ដែល​សហគ្រាស​ផលិត​ប្រព័ន្ធ ​Terminal ​ឆ្លាត​វៃ​ចំនន ​៣៦៧ ​បង្ហាញមុខ​ព្រមៗគ្នា ​។ ​ខណៈពេល​ដែល​ទស្សនិកជន​អាច​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ឧបករណ៍​ធ្វើដំណើរ​បែបថ្មី​ដែល​មាន​អារម្មណ៍​អនាគតយ៉ាងខ្លាំង ​ដូចជា​មនុស្ស​យន្ត ​Mecha ​ប្រែកាយ​និង​យានហោះ​ហើរ​ផ្ទុក​មនុស្ស​ជាដើម ​ពាណិជ្ជកម្មឌីជីថល​លែង​ជា”ការ​ជួញដូរ​តាមអន​ឡាញ”ទៀតហើយ ​ប៉ុន្តែជា​កំណែ​ទម្រង់​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នៃ​បច្ចេកវិទ្យា ​សេណារី​យ៉ូ​កម្មវិធី​និង​ប្រព័ន្ធអេកូឡូស៊ី ​។

កិច្ចសហប្រតិបតិ្តការ​ប្រកបដោយ​ភាពបើកទូលាយ​គឺជា​លក្ខណៈពិសេស​នៃពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថលសកល​ជាប់រហូតមក ​។ ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថលសកល​​​លើក​នេះ​មាន​ទំហំ​សរុប ​១ ​សែន​ ៧ ​ម៉ឺន​ម៉ែត្រការ៉េ ​ពាណិជ្ជករចូលរួម​ពិព័រណ៍​អន្តរជាតិ​មានចំនួន​លើស​ពី ​២០ ​ភាគរយ ​។ ​ប្រទេស​ម៉ាឡេស៊ី ​និងហុងគ្រី​នឹង​ធ្វើ​ជា​ប្រទេសភ្ញៀវ​កិត្តិយស​ក្នុង​ពិព័រណ៍​នេះ ​ហើយ​ចំនួន​គណៈប្រតិភូ​​អន្តរជាតិ​ដែល​នឹង​ចូល​រួម​​ពិព័រណ៍ ​គឺ ​លើស​ពី​ទំហំ​សរុប​នៃ​ពិព័រណ៍លើកមុនៗ ​។ ​តំណាង​ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន ​១២១ ​និង​អង្គការ​អន្តរជាតិ​ចំនួន ​២៩ ​បានបញ្ជាក់ថា ​នឹង​ចូលរួម​ពិព័រណ៍​លើកនេះ​ ក្នុង​ន័យ​​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​ពិគ្រោះពិភាក្សា​ជុំវិញ​ប្រធានបទ​ដូចជា​ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ ​ទិន្នន័យ​ឆ្លង​ដែន​និង​ពាណិជ្ជកម្មបៃតង​ជាដើម ​។

​ក្នុងអំឡុងពេលពិព័រណ៍លើកនេះ ​ទីស្នាក់​ការ​កណ្តាល​នៃ​សហភាព​សេដ្ឋកិច្ចឌីជីថល​អារ៉ាប់​ប្រចាំនៅប្រទេសចិន​នឹងសម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ ​ហើយនិង​ចាប់​ដំណើរការ​ផែនការសហប្រតិបត្តិការ​អំពី​ធនធាន​មនុស្ស​បញ្ញា​សិប្បនិម្មិត​ចិន-អាហ្វ្រិក​ព្រមទាំង​ផ្តួចផ្តើមឱ្យ​កសាង​បណ្តាញសហប្រតិបត្តិការ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រទេស ​BRICS ​។ ​ប្រទេសចិន​នឹង​រួម​សហការ​ជាលើកដំបូង​ជាមួយ​អង្គការ​ជំនាញ​អន្តរជាតិ​ចំនួន ​៥ ​ដូចជា ​អង្គការពាណិជ្ជកម្មពិភពលោក ​មជ្ឈមណ្ឌល​ពាណិ​ជ្ជកម្ម​អន្តរជាតិ ​វេទិកាសេដ្ឋកិច្ចពិភពលោក ​សន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍ​នៃ​អង្គការ​សហ​ប្រជាជាតិ​និង​អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ច ដើម្បី​​ចងក្រង​របាយ​ការណ៍សំខាន់​ក្រោម​ចំណង​ជើង​ថា ​«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល​សកល​ឆ្នាំ ​២០២៦ ​» ​។

វិធានការ​ទាំងនេះ​បង្ហាញឱ្យឃើញថា ​ប្រទេសចិនកំពុងប្រែក្លាយពី”អ្នកចូលរួម”ទៅជា​”អ្នក​ដឹក​នាំ”សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្មឌីជីថល ​។ ​ក្រសួងពាណិជ្ជកម្មចិន​បានបញ្ជាក់​យ៉ាង​ច្បាស់​រួចហើយថា ​នឹង​ចូលរួម​ប្រកបដោយ​លក្ខណៈស្ថាបនា​ក្នុង​ការពិគ្រោះ​ពិភាក្សាយោបល់​អំពី​ក្បួន​ច្បាប់​ពាណិជ្ជកម្មឌីជីថល​ ក្នុង​ក្របខ័ណ្ឌ​អង្គការ ​WTO ​ក្រុម ​G20​និង​អង្គការ ​APEC ​និង​ធ្វើឱ្យស៊ីជម្រៅ​នូវ​កិច្ចសន្ទនា​ និង​កិច្ចសហប្រតិបត្តិការ​អំពី​ពាណិជ្ជកម្មឌីជីថល​ពហុភាគី ​ទ្វេភាគី ​និង​ក្នុងតំបន់​ជាមួយ​បណ្តាប្រទេសអាស៊ីកណ្តាល ​ប្រទេស ​BRICS ​និង​ប្រទេស​ដែល​រួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ​។ ​ក្នុងបរិបទបច្ចុប្បន្ន​ដែល​ក្បួន​ច្បាប់​ពាណិជ្ជកម្ម​ឌីជីថល​សកល​នៅតែស្ថិតក្នុងដំណាក់កាលតាក់តែង ​ការ​ចូល​រួម​ដោយ​បុរេសកម្ម​និង​ការរួមចំណែកយ៉ាងសកម្ម​របស់ប្រទេសចិន ​វាមានសារសំខាន់​ណាស់​សម្រាប់​ការ​ក​សាង​សេដ្ឋកិច្ច​បែប​បើកទូលាយ​និងជំរុញ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​ប្រកប​ដោយ​បរិយាប័ន្ន​និង​ផ្តល់ផលប្រយោជន៍ជាទូទៅ ​។

ការរក្សាប្រាស្រ័យទាក់ទងគ្នា​រវាង​ឧស្សាហកម្ម​​និង​ពាណិជ្ជកម្ម​ និង​ការធ្វើនវានុវត្តន៍ខាង​ប្រព័ន្ធ​ច្បាប់​បាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ ​ដែល​អាចដំណើរការបានយូរអង្វែង​សម្រាប់​ការ​អភិវឌ្ឍ​ពាណិជ្ជកម្មឌីជីថល ​។ ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើក​នេះបាន​ស្រូប​ទាញ​ពាណិជ្ជករឯកទេស​ចំនួនជិត ​៤០០០០ ​នាក់​ឱ្យចុះឈ្មោះចូលរួម ​ក្នុងនោះ ​ពាណិជ្ជករ​អន្តរជាតិ​មានចំនួនលើសពី ​១២០០០ ​នាក់​ និងការបញ្ជាទិញអន្តរជាតិ​ដែលមានគម្រោង​រៀប​ចំ​ជាមុន​បាន​ឈាន​ដល់ ​៩៧៧ ​លាន​ដុល្លារអាមេរិក ​។ ​ពិព័រណ៍លើកនេះ​បានរៀប​ចំ​ជា​លើក​ដំបូង​នូវ​ការប្រកួតប្រជែងភាពវៃឆ្លាតដែលមានរូបរាងដូចមនុស្ស ​និង​មានការរៀចចំ​ជា​លើក​ដំបូង​នូវ​ទីផ្សារ​ផលិតផល​ពាណិជ្ជកម្ម​ឌីជីថល​ដែល​មាន​គុណភាពល្អ ​និង​ផលិត​ផល​ពាណិជ្ជកម្ម​ឌីជីថលថ្មីៗ​រាប់ពាន់​មុខ​ត្រូវបាន​ដាក់បង្ហាញ និងដាក់​លក់ព្រមៗគ្នា ​។ ​វិធានការ​ច្នៃ​ប្រឌិត​ថ្មី​ទាំងនេះ​កំពុងធ្វើឱ្យ​ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល​នេះទៅជា”វេទិកា​ពាណិជ្ជ​កម្ម​ដែលគ្មានទីបញ្ចប់ ” ​។

បើមើលតាមគោលនយោបាយ ​ កាលពី​ខែសីហា ​ឆ្នាំ ​២០២៤ ​ការិយាល័យនៃគណៈ​កម្មា​ធិ​ការមជ្ឈិមបក្សកម្មុយនីស្តចិននិងការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ​បាន​បោះ​ពុម្ព​ផ្សាយ​និង​ចែកចាយ​«មតិយោបល់ស្តីពីកំណែទម្រង់និង​ការអភិវឌ្ឍប្រកបដោយភាពច្នៃ​ប្រឌិត​ថ្មី​នៃ​ពាណិជ្ជ​កម្ម​ឌីជីថល»ដោយកំណត់យ៉ាងច្បាស់លាស់​នូវ​គោលដៅអភិវឌ្ឍន៍។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close