លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងជួបសំណេះសំណាលជាមួយអ្នកនយោបាយបរទេសដែលអញ្ជើញចូលរួម
Cambodia News
ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បានបើកជាផ្លូវការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi កាលថ្ងៃទី១៧ខែកញ្ញា។ លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា ។
ថ្លែងក្នុងសុន្ទរកថា លោក Ding Xuexiang បានលើកឡើងថា តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ជាភ្នាក់ងារដ៏សំខាន់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ាន ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានបានដំណើរការដោយនឹងនរ ហើយទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់ផងដែរ ។
លោក Ding Xuexiang បានលើកឡើងសំណើបួនចំណុច ។ ទីមួយជំរុញការលើកកម្ពស់កម្រិតបើកទូលាយក្នុងតំបន់ឱ្យគ្រុងជ្រុងជ្រោយ ។ ទីពីរ ជំរុញឱ្យកិច្ចសហប្រតិបតិ្តការផ្នែកពាណិជ្ជកម្ម ការវិនិយោគឱ្យមានគុណភាពខ្ពស់និងការអភិវឌ្ឍកម្រិតខ្ពស់។ ទីបី ជំរុញឱ្យកិច្ចសហប្រតិបតិ្តការក្នុងវិស័យងើបឡើងថ្មីមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ។ ទីបួន ជំរុញការតភ្ជាប់ទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាពនិងភាពងាយស្រួល ។
កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា លោក Ding Xuexiang បានជួបសំណេះសំណាលជាមួយលោក U Nyo Saw អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Phạm Gia Túc ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃប្រទេសវៀតណាម លោកSaleumxay Kommasith ឧបនាយករដ្ឋមន្ត្រីអ ចិន្ត្រៃយ៍នៃប្រទេសឡាវ ។
ក្នុងកិច្ចជំនួបនោះ លោកបានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយបណ្តាភាគីនានា ដោយប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតសិ្នទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃបណ្តាភាគីនានា ជាគោលការណ៍ណែនាំ ក្នុងន័យបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែង ពង្រីកការផ្លាស់ប្តូររវាងប្រជាជន ដើម្បីរួមគ្នាកសារសហគមន៍ជោគវាសនារួមដែលមានភាពកាន់តែជិតស្និទ្ធ និងរួមចំណែកកាន់តែធំធេងបន្ថែមទៀតដល់វិបុលភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកផងដែរ ៕