ពី «អ្នកលក់កំពូល» ទៅជា «អ្នកទិញកំពូល» ​ទីផ្សារចិនកំពុងបង្កើតសន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសកល

Cambodia News

​បន្ទាប់ពីត្រូវបានប្រសិទ្ធនាមថាជា «រោងចក្ររបស់ពិភពលោក» ឬ «អ្នកលក់កំពូល» ​អស់​រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបាន និងកំពុងវិវត្តខ្លួនទៅជា «ទីផ្សាររបស់ពិភពលោក» ឬ «អ្នកទិញកំពូល»​។ ក្នុងឆ្នាំ២០២៥ ប្រទេសចិនបាននាំចូលទំនិញសរុបប្រមាណ ២,៥៨ ទ្រីលានដុល្លារអាម៉េរិក​ ដោយបន្តឈរជាទីផ្សារនាំចូលធំទី២ របស់ពិភពលោក ក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។​ ការនាំចូលរបស់ចិន ​មានចំណែកប្រមាណ ១០% ​នៃការនាំចូលទំនិញសកល ហើយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញធំបំផុតសម្រាប់ប្រទេស និងតំបន់ប្រមាណ​ ៨០។​

តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា កម្លាំងសេដ្ឋកិច្ចរបស់ចិនមិនត្រឹមតែស្ថិតលើសមត្ថភាពផលិត និងនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតលើអំណាចទិញ និងតម្រូវការនាំចូល ដែលកំពុងបង្កើតកាលានុវត្តភាពថ្មីសម្រាប់កំណើនសកលផងដែរ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃគោលនយោបាយគាំពារនិយម ភាពរឹងមាំនៃទីផ្សារចិនបានដើរតួនាទីលើសពីការគាំទ្រកំណើនសេដ្ឋកិច្ចក្នុងស្រុក ពោលគឺកំពុងបង្កើតសន្ទុះថ្មីសម្រាប់សេដ្ឋកិច្ចសកលផងដែរ។

លើសពីតួនាទីជា «អ្នកលក់កំពូល» ដែលបានផ្គត់ផ្គង់ផលិតផលដ៏សម្បូរបែប និងមានតម្លៃប្រកួតប្រជែងទៅកាន់ពិភពលោក ប្រទេសចិនក៏បាន និងកំពុងបន្តពង្រីកការនាំចូលផលិតផលពីពិភពលោក រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និងគ្រឿងអលង្ការ រហូត
ដល់ឧបករណ៍វេជ្ជសាស្ត្រ។ ការពង្រីកការនាំចូលនេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការបញ្ជាទិញ ឱកាសការងារ និងកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ដៃគូពាណិជ្ជកម្មផងដែរ។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានបន្តជំរុញការបើកចំហកម្រិតខ្ពស់ទៅកាន់ពិភពលោក។ តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម ការបើកចំហទីផ្សារ និងការកាត់បន្ថយរបាំងពន្ធគយ ប្រទេសចិនកំពុងរួមចំណែកដល់ការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ គិតត្រឹមឆ្នាំ២០២៦ ចិនបានផ្តល់ការអនុគ្រោះពន្ធគយសូន្យភាគរយដល់ប្រទេសចំនួន ៦៣ ដែលអាចបង្កើនលទ្ធភាពសម្រាប់ផលិតផលពីប្រទេសកំពុងអភិវឌ្ឍន៍ចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិន។

ក្នុងន័យនេះ ការវិវត្តរបស់ចិនពី «អ្នកលក់កំពូល» ទៅជា «អ្នកទិញកំពូល» មិនមែនជាការជំនួសតួនាទីចាស់នោះទេ ប៉ុន្តែជាការបំពេញបន្ថែមតួនាទីសេដ្ឋកិច្ចទាំងពីរឱ្យកាន់តែពេញលេញ។ ស្របពេលដែលដើរតួនាទីជាមូលដ្ឋានផលិតកម្ម និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ពិភពលោក ទីផ្សារយក្សចិនក៏កំពុងស្រូបយកទំនិញ និងផលិតផលពីពិភពលោកកាន់តែច្រើន។ ភាពរឹងមាំនៃទីផ្សារក្នុងស្រុកចិន មិនមែនជាការគំរាមកំហែងដល់ពិភពលោកឡើយ ផ្ទុយទៅវិញ វាអាចក្លាយជាភាគលាភនៃការអភិវឌ្ឍសម្រាប់ពិភពលោក។ និយាយឱ្យខ្លី នៅពេលប្រទេសចិនផលិតសម្រាប់ពិភពលោក នោះពិភពលោកក៏កាន់តែមានឱកាសផលិតសម្រាប់ទីផ្សារចិនផងដែរ។

សរុបមក មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួល និងប្រឈមនឹងភាពមិនប្រាកដ
ប្រជាកាន់តែខ្លាំងយ៉ាងណាក៏ដោយ ភាពរឹងមាំនៃទីផ្សារក្នុងស្រុក រួមជាមួយការបន្តបើកចំហរបស់ចិន កំពុងបង្កើតកាលានុវត្តភាពសម្រាប់ប្រទេស និងសហគ្រាសនៅជុំវិញពិភពលោក។ ប្រទេសចិនមិនត្រឹមតែផលិត និងលក់ទៅកាន់ពិភពលោកទេ ប៉ុន្តែក៏កំពុងទិញកាន់តែច្រើនពីពិភពលោកផងដែរ។ ការលេចឡើងរបស់ចិនក្នុងតួនាទីជា «អ្នកទិញកំពូល» របស់ពិភពលោក មិនត្រឹមតែឆ្លុះបញ្ចាំងពីការវិវត្តនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្ថែមសន្ទុះថ្មីដល់សេដ្ឋកិច្ចតំបន់ និងសកលផងដែរ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close