ស្ថាប័នជំនាញពីរចាប់ដៃគ្នាជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រងនៅកម្ពុជា
Cambodia News
ភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាត្រូវបានគេមើលឃើញថា កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងចូលរួមក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថេរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។
ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ សំខាន់កង្វះធនធានមនុស្សក្នុងវិស័យដ៏មានសារសំខាន់នេះដែលទាមទារឲ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រង ពិសេសការបង្កើនសមត្ថភាពយល់ដឹងរបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ផ្តើមពីទស្សនវិស័យខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេ ស៊ី លី ដា ក្រោមវត្តមានលោក ប៊ូ ច័ន្នភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា និងលោក ផុន សារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេ ស៊ី លីដា ខណៈដែលពិធីនោះត្រូវបានរៀបចំធ្វើទ្បើងនៅទីស្តីការ អ.ស.ហ ។
លោក ប៊ូ ច័ន្ទភីរូ បានថ្លែងបញ្ជាក់ទ្បើងវិញថា ការធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាព ហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តន៍ឆ្ពោះ ទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកអគ្គនាយកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រងមានវត្តមានសរុបចំនួន ៣៩ ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ការណ៍នេះបានបង្ហាញថា តម្រូវការទីផ្សារការងារ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ទីផ្សារធានា- រ៉ាប់រងសម្រេចបានបុព្វលាភធានារ៉ាប់រងដុលប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ដែលមាន កំណើនប្រមាណ ២,៨% ធៀបនឹងឆ្នាំ២០២៤។ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចសម្រេច បាន ១,១១% ខណៈដង់ស៊ីតេធានារ៉ាប់រង ២០,៩៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។
លោក ប៊ូ ច័ន្ទភីរូ បានលើកទ្បើងបន្តថា ទោះជា យ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅ មានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។ មិនត្រឹមតែ ប៉ុណ្ណោះ វិស័យធានារ៉ាប់រងកម្ពុជា មានបញ្ហាប្រឈមមួយចំនួនរួមមាន៖ កង្វះការយល់ដឹងរបស់ សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះមូលធនមនុស្ស ក្នុង វិស័យធានារ៉ាប់រង ដែលការណ៍នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសគ្រឹះស្ថាន- ឧត្តមសិក្សា។
យ៉ាងណាក៏ដោយ ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំនិងដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាពិសេសដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបនឹងទទួលបានការការពារហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាធានារ៉ាប់រង។ ក្នុងនោះ និយ័តករធានារ៉ាប់រងកម្ពុជាកំណត់អាទិភាព លើការលើកកម្ពស់បរិយាបន្ន និងអក្ខរកម្មធានារ៉ាប់រង និងឯកសារធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង។
តាមរយៈការបង្កើនការផ្សព្វផ្សាយអប់រំសាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាជំនាញធានារ៉ាប់រងក្នុងកម្រិតឧត្តមសិក្សា ដោយសហការ ជាមួយក្រសួងអប់រំយុវជន និងកីឡា រួមទាំងគ្រឹះស្ថានឧត្តមសិក្សា។
លោកអគ្គនាយក៏បានលើកទ្បើងផងដែរថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ ក្នុងគោលបំណងបង្កើតភាពជាដៃគូរក្នុងការជំរុញការកសាងធនធានមនុស្ស ដើម្បី អភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពយល់ដឹងនិស្សិត នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា អំពីការធានារ៉ាប់រង ដែលអនុញ្ញាតឱ្យនិស្សិត ត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល៕






