លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក មីន អ៊ុង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា
Cambodia News
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក មីន អ៊ុង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ចិននិងមីយ៉ាន់ម៉ាមានចំណងមិត្តភាពជាភាតរភាពដ៏ស៊ីជម្រៅ។ ក្នុងរយៈពេល ៧៦ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានរួមគ្នាផ្តួចផ្តើមនិងអនុវត្តគោលការណ៍៥ខស្តីពីការរួមរស់នៅដោយសន្តិសហវិជ្ជមាន ដែលបង្កើតបានជាគំរូនៃសមភាព ការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេស។ ប្រទេសចិនតម្កល់ការអភិវឌ្ឍទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាក្នុងឋានៈចម្បងនៃកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ខ្លួន។
ឆ្នាំនេះគឺជាការចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៥ របស់ប្រទេសចិន ប្រទេសចិនមានឆន្ទៈចែករំលែកបទពិសោធអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-មីយ៉ាន់ម៉ាដែលប្រកបដោយមិត្តភាពនិងទំនុកចិត្តផ្នែកនយោបាយ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ ការសម្របសម្រួលគ្នា និងជំរុញគ្នាទៅវិញទៅមកផ្នែកសន្តិសុខ ក៏ដូចជាការរួមបញ្ចូលគ្នានិងរៀនសូត្រពីគ្នាផ្នែកវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។
ជាការឆ្លើយតប លោកមីន អ៊ុង ឡាំង បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រអស់កាលជាយូរមក និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនចំពោះការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងការផ្សះផ្សាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានបញ្ជាក់ថា មីយ៉ាន់ម៉ានឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ។ លោកបានកត់សម្គាល់ថា ការជំរុញការអនុវត្តផែនការប្រាំឆ្នាំទី១៥ របស់ប្រទេសចិនបានផ្តល់ជាឱកាសសំខាន់សម្រាប់ប្រទេសជិតខាងនៅអាស៊ី ក្នុងនោះបូករួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសមីយ៉ាន់ម៉ារំពឹងទុកពីការពង្រឹងកិច្ចសហប្រតិបត្តិការដោយ
គ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន និងរួមគ្នាកសាងច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ដើម្បីលើកកម្ពស់កម្រិតពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕
