លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន
Cambodia News
ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅទីក្រុងប៉េកាំង ។
លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេល ៧៥ ឆ្នាំចាប់តាំងពីចិននិងប៉ាគីស្ថានបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើតចំណងមិត្តភាពប្រពៃណីដ៏រឹងមាំដែលមិនអាចបំបែកបាន ហើយទំនុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរបានជំរុញការអភិវឌ្ឍជាតិរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរគួរតែពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ធ្វើឱ្យកិច្ចសហប្រតិបត្តិការគ្រប់រដូវកាលទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាធ្វើជាគំរូសម្រាប់ការកសាងសហគមន៍រួមវាសនានៃតំបន់ជុំវិញ។
ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោក Xi Jinping គឺជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនប៉ាគីស្ថាន និងជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនគ្រប់រូបដែលស្រឡាញ់សន្តិភាពទាំងអស់នៅលើពិភពលោក។ ក្រោមការដឹកនាំដ៏មុតមាំរបស់លោក Xi Jinping សេដ្ឋកិច្ចចិនទទួលបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ការរក្សាសន្តិភាពពិភពលោក និងការកសាងពិភពលោកពហុប៉ូល។ ប្រទេសប៉ាគីស្ថានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ គាំទ្រយ៉ាងមុតមាំចំពោះគោលជំហររបស់ប្រទេសចិនលើបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ព្រមនិងធ្វើជាមិត្តល្អ និងដៃគូល្អរបស់ប្រទេសចិនជានិច្ច៕


