កម្ពុជាទទួលរងឥទិ្ធពលខ្យល់ព្យុះ GAEMIចាប់ពីថ្ងៃទី៤ ដល់ទី៨ តុលា
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ តុលា ២០១២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដល់ក្រសួង-ស្ថាប័ន្ធពាក់ពាន់ អាជ្ញាធរដែនដី និងសាធារណៈជនឲ្យបានជ្រាបថា នៅវេលាម៉ោង ១៣:០០ រសៀលនាថ្ងៃទី ០១ តុលា ២០១២ វិសម្ភាធមួយដែលបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តខ្លួនទៅជាកូនព្យុះមានឈ្មោះថា (GAEMI) ។ មកដល់ព្រឹកថ្ងៃទី០២ តុលា ២០១២ កូនព្យុះ (GAEMI) កំពុងស្ថិតនៅសមុទ្រចិនខាងត្បូង ត្រង់ចំណុចខ្សែស្របទី១៧ អង្សានៃរយៈទទឹងខាងជើង និងខ្សែវណ្ឌ័ទី ១១៤ អង្សា៨ នៃរយៈបណ្តាយខាងកើត និងមានចម្ងាយប្រមាណ ៧០០Km ភាតខាងកើតទី ក្រុងដាណាង ប្រទេសវៀតណាម។
យោងតាមព្យាករណ៍ កូនព្យុះនេះនឹងវិវត្តទៅជាព្យុះ ហើយនឹងធ្វើដំណើរទៅដល់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល នៅថ្ងៃទី០៦ ឫទី០៧ តុលា ២០១២ ដោយធ្វើឲ្យផ្ទៃមេឃមានភាពអាប់អ៊ួរ មានពពកច្រើនមីរដេរដាស មានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងអាចមានជំនន់ទឹកភ្លៀងតាមបណ្តាលខេត្តមួយចំនួនដូចជា៖ តំបន់ខ្ពង់រាប មានខេត្តកំពង់ចាម បណ្ឌលគិរី រតនគិរី ក្រចះ ស្ទឹងក្រែង ឧត្ថរមានជ័យ និងខេត្តព្រះវិហារ, តំបន់ទំនាបកណ្តាល មានខេត្តសៀមរាប និងកំពង់ធំ, តំបន់មាត់សមុទ្រ មានខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ ដែលអាចមានកំពស់ទឹកចាប់ពី ១.៥០m ទៅ ២.៥០m ឥទិ្ធពលរបស់ព្យុះនេះក៏នឹងធ្វើឲ្យទឹកជំនន់ទន្លេមេគង្គហក់ឡើងផងដែរ។
យោងលើស្ថានភាពអាកាសធាតុដូចដែលបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់ក្រសួង-ស្ថាប័ន្ធពាក់ពាន់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាលខេត្តដូចដែលបានជម្រាបជូនខាងលើ ពិសេសតំបន់ដែលនៅជាប់នឹងផ្លូវទឹកនានា សូមបង្កើនការយកចិត្តទុកដាក់ប្រុសប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតមានឡើងដោយជាយថាហេតុ។ ចំពោះប្រជានេសាទសមុទ្រសូមផ្អាកសកម្មភាពនេសាទតាមសមុទ្រចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ តុលា ២០១២៕