បទវិភាគ៖ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖យល់ដឹងពីកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”
Cambodia News
“ពង្រឹងសមត្ថភាពនិងលើកកម្ពស់គុណភាពនៃឧស្សាហកម្មសេវាកម្ម” ការលើកឡើងក្នុងរបាយការណ៍ការងារនៃរដ្ឋាភិបាលដែលដាក់ជូនពិនិត្យពិភាក្សាកាលពីថ្ងៃទី៥ខែមីនាបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។
ក្នុងនាមជាប្រទេសទីមួយលើពិភពលោកខាងឧស្សាហកម្មកម្មន្តសាល ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមិនអាចឃ្លាតពីការទ្រទ្រង់និងគាំទ្រពីឧស្សាហកម្មកម្មន្តសាលបានឡើយ ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចតួអង្គជាក់ស្តែង ការប្រើប្រាស់របស់ប្រជាជនបាននិងកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី“ការទិញទំនិញ”ទៅជា“ការទទួលសេវាកម្ម” ហើយកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលក្លាយជាកម្លាំងគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។
សូមក្រឡេកមើលទិន្នន័យមួយចំនួនសិន៖ នៅឆ្នាំ២០២៥ តម្លៃបន្ថែមនៃមុខរបរសេវាកម្មរបស់ចិនមានទំហំប្រហែលជាង៨០ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ហើយអត្រារួមចំណែករបស់មុខរបរសេវាកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិបានឡើងដល់៦១,៤ ភាគរយ ។
សូមងាកមកមើលការសិក្សាស្រាវជ្រាវមួយទៀត៖ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ល្បឿនកំណើនគិតជាមធ្យមក្នុងមួយឆ្នាំនៃតម្លៃបន្ថែមនៃឧស្សាហកម្មសេវាកម្មខាងគ្រឿងទន់និងបច្ចេកវិទ្យាព័ត៌មានមានសង្ឃឹមនឹងឡើងដល់ប្រហែល ១២ ភាគរយ ហើយទំហំទីផ្សារសេវាកម្មប្រើប្រាស់ខាងបញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងមានចំនួនលើសពី ៨សែនលានយាន់ប្រាក់ចិន ។
កាលពីមុន ការយល់ដឹងរបស់អ្នកផងទាំងពួងអំពីឧស្សាហកម្មសេវាកម្មគ្រាន់តែស្ថិតនៅត្រង់វិស័យ“សេវាកម្មខាងជីវភាពរស់នៅ” ដូចជា៖ គ្រឿងឧបភោគបរិភោគ ការទិញទំនិញ ការធ្វើទេសចរណ៍ ការអប់រំ។ល។ ប៉ុន្តែអ្វីដែលជាការទ្រទ្រង់ចំពោះគុណភាពនិងភាពធន់នៃការអភិវឌ្ឍអង្គភាពសេដ្ឋកិច្ចមួយ ក៏មានកម្លាំងគន្លឹះមួយទៀតគឺ៖ សេវាកម្មលក្ខណៈផលិតកម្ម ។ តើអ្វីជាសេវាកម្មលក្ខណៈផលិតកម្ម? និយាយជាសាមញ្ញ វាគឺជា“សេវាកម្មដែលបម្រើដល់ផលិតកម្ម” ។
បើនិយាយចំពោះប្រទេសមួយ ការអភិវឌ្ឍយ៉ាងពេញលេញនូវវិស័យសេវាកម្មលក្ខណៈផលិតកម្ម គឺប្រៀបដូចជាដាក់“ស្លាបមើលមិនឃើញ”ចំពោះឧស្សាហកម្មកម្មន្តសាលទំនើប ដើម្បីជំរុញឱ្យសេដ្ឋកិច្ចឆ្ពោះទៅកាន់កម្រិតអភិវឌ្ឍន៍កាន់តែខ្ពស់ ។ នៅឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ប្រកបដោយលក្ខណៈសេវាកម្ម គិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រជាជនចិនត្រូវជា៤៦,១ភាគរយនៃការចំណាយលើការប្រើប្រាស់ជាមធ្យមក្នុងមនុស្សម្នាក់ៗ ។ នេះគឺមានន័យថា ប្រជាជនបានចំណាយប្រាក់ជិតពាក់កណ្តាលលើ“សេវាកម្ម” ហើយការប្រើប្រាស់ខាងសេវាកម្មបានក្លាយជាចំណុចកំណើនដ៏សំខាន់សម្រាប់ជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ ក៏ដូចជាពង្រីកតម្រូវការផ្ទៃក្នុងផងដែរ ។
សេចក្តីព្រាងច្បាប់នៃគោលការណ៍សំខាន់អំពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”បានលើកឡើងថា ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មសេវាកម្មដោយគ្រប់ជ្រុងជ្រោយ ដើម្បីដើរតួនាទីកាន់តែល្អប្រសើរនៃឧស្សាហកម្មសេវាកម្មក្នុងការគាំទ្រការលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្ម បំពេញតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការពង្រីកឱកាសការងារ ។
នៅពេលដែលបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អប្រសើរបានជំរុញឱ្យកើតមានតម្រូវការសេវាកម្មថ្មីៗជាបន្តបន្ទាប់ ហើយនៅពេលដែលការអាប់ដេតបច្ចេកវិទ្យាបានផ្តល់កម្លាំងចលករដល់ទម្រង់និងរូបមន្តថ្មីនៃសេវាកម្មជាបន្តបន្ទាប់ កម្លាំងផលិតកម្មដ៏ធំធេងដែលបង្កប់ក្នុង“សេវាកម្ម”កំពុងរួមបញ្ចូលទៅក្នុងសរសៃឈាមនៃសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន និងសរសេរទំព័រថ្មីនៃការអភិវឌ្ឍ តាមរបៀបដែលកាន់តែអាច“មើលឃើញ ស្ទាបអង្អែលបាននិងទទួលអារម្មណ៍បាន” ៕


