អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានផ្តល់ការងារជាអ្នកមើលការខុសត្រូវ លើការសម្អាតប្រព័ន្ធលូទឹកស្អុយក្នុងគុក
Cambodia News
បរទេស ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានផ្តល់ការងារ ឱ្យធ្វើនៅក្នុងពន្ធនាគារ ដោយកូនស្រី របស់លោកបានលាតត្រដាង កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ប្រធាននាយកដ្ឋានកែប្រែបានចាត់ឱ្យឪពុក របស់លោកស្រី ជួយមើលការខុសត្រូវ លើប្រតិបត្តិការសម្អាត ប្រព័ន្ធលូទឹកស្អុយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំគណបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរនោះ បានពិភាក្សា អំពីកិច្ចការរបស់ឪពុកលោកស្រីគឺលោក ថាក់ស៊ីន អំឡុងពេលលោកស្រីមកកាន់ពន្ធនាគារកណ្តាល Klongprem ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការបានបង្គាប់ឱ្យជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំដែលបានសម្រេចកាលពីពីរឆ្នាំមុន បន្ទាប់ពីបានរកឃើញថា ការស្នាក់នៅរយៈពេល៦ខែរបស់លោកថាក់ស៊ីន ក្នុងមន្ទីរពេទ្យមិនបានបំពេញ តាមលក្ខខណ្ឌនៃការកាត់ទោសរបស់លោក៕
