ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅ ICJ គឺមានគោលជំហររឹងមាំច្បាស់លាស់
Cambodia News/
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការដាក់ពាក្យបណ្តឹង ចំពោះសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហររឹងមាំច្បាស់លាស់ មិនមែននិយាយតែមាត់នោះទេ ។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងបែបនេះ បន្ទាប់ពីមានអ្នកខ្លះបានលើកជាចម្ងល់ និងចោទសួរថា រាជរដ្ឋាភិបាលបានតែនិយាយប៉ុណ្ណោះរឿងដាក់ពាក្យប្តឹងទៅ ICJ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃដែលបានកើតឡើងសារជាថ្មីម្តងទៀត កាលពីថ្ងៃទី២៨ ឧសភា។
ឯកឧត្តម បានមានប្រសាសន៍ថា ចំពោះកាលបរិច្ឆេទ ដែលរាជរដ្ឋាភិបាលដាក់ប្តឹងទៅតុលាការ ICJ នៅថ្ងៃណានោះ មិនទាន់អាចបញ្ជាក់ បាននៅឡើយទេ ព្រោះកម្ពុជា កំពុងការរៀបចំឯកសារ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយមានការបង្កើតគណៈកម្មការ មួយកាលពីប៉ុន្មានថ្ងៃមុនផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីកំពុងដឹកនាំមាគ៌ាកម្ពុជា ឲ្យកាន់តែលេចត្រដែតបន្ថែមទៀតនៅលើឆាកអន្តរជាតិ ៕