បទវិភាគ៖“តារាងពិន្ទុ”នៃសេដ្ឋកិច្ចចិននាំមកនូវជំនឿចិត្តនិងកាលានុវត្តភាពដល់ពិភពលោក

Cambodia News/

“ទិន្នន័យទាំងនេះបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដ៏ធំធេងរបស់សេដ្ឋកិច្ចចិន ពួកយើងនឹងបន្តធ្វើអាជីវកម្មកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចជីវសាស្ត្រដែលជាវិស័យគំរូខាងកម្លាំងផលិតកម្មគុណភាពថ្មី ។ ”

នៅថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីប្រទេសចិនបានប្រកាសពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិននៅខែមេសា លោកMorten Rasmussenនាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Novonesis នៃប្រទេសដាណឺម៉ាកបានបញ្ចេញមតិយោបល់របស់ខ្លួនដូចពោលខាងលើ ។

ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាប្រើពាក្យពេចន៍ដូចជា“លើសពីការប៉ាន់ប្រមាណ” “មានភាពធន់” “រក្សាលំនឹង”ជាដើម សម្រាប់វាយតម្លៃចំពោះស្ថានភាពរបស់សេដ្ឋកិច្ចចិន ។

ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានយកការដំឡើងពន្ធគយធ្វើជាអាវុធ ជាពិសេស គឺចាប់ពីចូលខែមេសាមក អាមេរិកបានប្រកាសថា នឹងដំឡើង“ពន្ធគយបដិការ”ជាច្រើនជុំទៅលើប្រទេសចិន ប្រទេសចិនបានចាត់វិធានការតបតវិញយ៉ាងដាច់ខាតចំពោះទង្វើនេះ ។

ប្រឈមនឹងសភាពការណ៍ដែលការវាយប្រហារពីខាងក្រៅជះឥទ្ធិពលកាន់តែខ្លាំង និងមានបញ្ហាប្រឈមក្នុងផ្ទៃក្នុង សេដ្ឋកិច្ចចិនបានឆ្ពោះទៅមុខក្រោមកម្លាំងសម្ពាធ ហើយទទួលបានសមិទ្ធផលល្អដែលបានមកដោយមិនងាយទេ ។

បើមើលពីសភាពការណ៍ជាតិ នៅ៤ខែដើមឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍ដ៏សំខាន់លើវិស័យតម្រូវការខាងផលិតកម្មនៃសេដ្ឋកិច្ចចិន សុទ្ធតែលឿនជាងឆ្នាំមុនយ៉ាងច្បាស់លាស់ ល្បឿនកំណើននៃទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមនិងសន្ទស្សន៍ផលិតកម្មលើវិស័យសេវាកម្ម សុទ្ធតែលឿនជាង០,១ភាគរយបើប្រៀបធៀបនឹងបីខែដើមឆ្នាំនេះ ។

នៅខែមេសា ក្នុងចំណោមឧស្សាហកម្មធំៗចំនួន៤១ មានឧស្សាហកម្មចំនួន ៣៦មានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អត្រាកើនឡើងបានលើសពី៨០ភាគរយ ល។ល ទិន្នន័យបានបង្ហាញថា នៅបួនខែដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើងដោយនឹងនរក្រោមកម្លាំងសម្ពាធ ហើយមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់និងសមត្ថភាពទប់ទល់នឹងកម្លាំងសម្ពាធយ៉ាងខ្លាំងក្លា ។

បើមើលពីសភាពការណ៍អន្តរជាតិ ដោយរងឥទ្ធិពលពី“សង្គ្រាមពន្ធគយ”ជាដើម អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍នាពេលថ្មីៗកន្លងទៅនេះថា តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥ នឹងបង្អង់ល្បឿនមកនៅត្រឹម២,៤ភាគរយ ដែលបានទាបជាង០,៤ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណនៅខែមករា ។

ប៉ុន្តែផ្ទុយទៅវិញ គ្រឹះស្ថានអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុនING គ្រុបនៃប្រទេសហូឡង់ និងក្រុមហ៊ុនUBS នៃប្រទេសស្វ៊ីសជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។ អ្នកទទួលខុសត្រូវរបស់សហគ្រាសពហុជាតិជាច្រើនសម្គាល់ឃើញថា ប្រទេសចិនបានក្លាយជាពាក្យសព្វនាមនៃ “ភាពប្រាកដប្រជា” ។

អ្វីដែលគួរឱ្យលើកឡើង គឺទោះបីជាប្រឈមនឹងរបាំងពន្ធគយកម្រិតខ្ពស់ក៏ដោយ ក៏ប៉ុន្តែ ពាណិជ្ជកម្មបរទេសរបស់ចិននៅតែរក្សាកំណើនដោយនឹងនរ ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងប្រកួតប្រជែងអន្តរជាតិយ៉ាងខ្លាំងក្លា ។ ពីខែមករា ដល់ខែមេសា ល្បឿនកំណើននៃទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង១,១ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីមួយ ហើយការនាំចេញបានកើនឡើង៧,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

បច្ចុប្បន្ននេះ កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានទទួលការវិវឌ្ឍរីកចម្រើនជាក់ស្តែង ប្រការនេះបានកាត់បន្ថយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្នុងមួយកម្រិត ប៉ុន្តែបរិយាកាសអន្តរជាតិនៅតែមានភាពស្មុគស្មាញនិងតានតឹងដដែល ។ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ប្រទេសចិននឹងធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ក៏ដូចជាពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេផងដែរ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close