បទវិភាគ៖ប្រទេសចិនកំពុងបើក”ទ្វារ”នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ

Cambodia News/ ​

“ការធ្វើទេសចរណ៍នៅប្រទេសចិនមានភាពសន្ទុះខ្លាំងក្លា” “សេដ្ឋកិច្ចចិនកំពុងត្រូវបានជំរុញដោយការប្រើប្រាស់” ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាប្រើពាក្យ”មានភាពសន្ទុះខ្លាំង”ដើម្បីពិពណ៌នាអំពីវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាដែលទើបបានកន្លងផុតទៅ ។

ក្នុងអំឡុងវិស្សមកាលនេះ ការធ្វើដំណើរទៅដើរលេងកម្សាន្តទទួលការពេញនិយម ការប្រើប្រាស់បានកើនឡើងខ្លាំង និងមានការដកបទពិសោធន៍បែបថ្មីគឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ។

ទិន្នន័យបានបញ្ជាក់ពីភាពសន្ទុះខ្លាំងក្លានៃការប្រើប្រាស់មួយនេះថា ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរដែលបានធ្វើដំណើរក្នុងស្រុកចិនមានចំនួន ៣ រយ ១៤ លាននាក់ ដែលបានកើនឡើង ៦,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំចំណាយសរុបក្នុងការធ្វើទេសចរណ៍របស់អ្នកទេសចរក្នុងស្រុកចិនមានចំនួន ១៨០,២៦៩ ប៊ីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៨,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយទំហំលក់ដូរនៃសហគ្រាសលក់រាយនិងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពីការប្រើប្រាស់បែបថ្មី ដូចជាការបើកបរយន្តហោះនិងលេងលោតឆ័ត្រយោងដល់មុខរបរថ្មីៗ ដូចជាទេសចរណ៍បែបចិនថ្មីជាដើមរហូតដល់ទិដ្ឋភាពថ្មី ដូចជា”មហោស្រពតន្ត្រីក្នុងរូងភ្នំ”ជាដើម ទីផ្សារប្រើប្រាស់របស់ប្រទេសចិនកំពុងលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ។

ក្រោមជំនួយពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា គុណភាពនៃផលិតផលទេសចរណ៍វប្បធម៌ក្នុងវិស្សមកាលនៅតំបន់នានាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ បានបំពេញតម្រូវការខាងទេសចរណ៍ ដែលកាន់តែមានភាពសម្បូរបែបរបស់អ្នកផងទាំងពួង ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ចំនួនអ្នកកក់សំបុត្រយន្តហោះជាលើកដំបូងបានកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ និស្សិតនិងអ្នកទេសចរដែលមានអាយុលើសពី ៦០ ឆ្នាំមានការកើនឡើងខ្ពស់បំផុត ។

ប្រការនេះបានបង្ហាញថា បំណងចាយលុយរបស់ក្រុមពាក់ព័ន្ធមានភាពកាន់តែខ្លាំងក្លា ។ សក្តានុពលពហុស្រទាប់នៃទីផ្សាតម្រូវការក្នុងស្រុករបស់ចិនកំពុងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។ការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ក៏មិនអាចឃ្លាតពីការគាំទ្រខាងគោលនយោបាយរបស់រដ្ឋាភិបាលដែរ ។

ពីសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើកាលពីឆ្នាំមុនដល់របាយការណ៍ការងាររដ្ឋាភិបាលនៅឆ្នាំនេះ សុទ្ធតែតម្កល់ទុកការពង្រីកតម្រូវការក្នុងស្រុកក្នុងឋានៈចម្បងនៃភារកិច្ចសំខាន់ៗ ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ អត្រារួមចំណែករបស់អ្នកប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចចិនបានឡើងដល់ ៥១,៧ ភាគរយដែលកើនឡើង ៧,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ ស្របពេលដែលសេដ្ឋកិច្ចចិនធ្វើបរិវត្តកម្មទៅរកកំណើនដែលជំរុញដោយការប្រើប្រាស់ សក្តានុពលនៃទីផ្សារទ្រង់ទ្រាយធំនឹងត្រូវបានបញ្ចេញជាបន្តបន្ទាប់ ។

ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់របស់ប្រទេសចិនក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ ។ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា អ្នកទេសចរចិនបានចេញទៅដើរលេងនៅទីក្រុងចំនួន ១៨៣៧ នៅទូទាំងពិភពលោកដែលច្រើនជាង ៤០០ ក្រុងបើប្រៀបធៀបនឹងឆ្នាំមុន ។

ព្រមពេលជាមួយគ្នានេះ ក្រោមការជំរុញនៃគោលនយោបាយមួយចំនួន ដូចជាលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិននិងកែលម្អគោលនយោបាយបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន មិត្តភក្តិអន្តរជាតិកាន់តែច្រើនកំពុង”មកដើរលេងកម្សាន្តនៅប្រទេសចិន” ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ការបញ្ជាទិញសម្រាប់ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភាបានកើនឡើង ១៧៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

បើប្រៀបធៀបនឹងប្រទេសមួយចំនួនដែលបានបង្កើតរបាំង ដើម្បីផ្តាច់ទំនាក់ទំនង ផ្ទុយទៅវិញ ប្រទេសចិនកំពុងបើក”ទ្វារ”នៃកិច្ចសហប្រតិបត្តិការយ៉ាងទូលាយជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសឈ្នះ-ឈ្នះ ពោលគឺ ក្នុងអំឡុងវិស្សមកាលទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ពិភពលោកទាំងមូលបានមើលឃើញកាន់តែច្បស់ពីចំណុចនេះ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close