បទវិភាគ៖ប្រទេសចិនចាត់វិធានការប្រឆាំងភាពរើសអើងជាលើកដំបូងលើទូទាំងពិភពលោកដើម្បីតបតវិញយ៉ាងខ្លាំងក្លាចំពោះកាណាដា
សារព័ត៌មាន Cambodia News/
នៅថ្ងៃទី ៨ ខែមីនា ប្រទេសចិនបានប្រកាសលទ្ធផលស៊ើបអង្កេតស្តីពីការប្រឆាំងភាពរើសអើងចំពោះប្រទេសកាណាដាដោយបង្ហាញថា ទង្វើដំឡើងពន្ធគយរបស់ប្រទេសកាណាដាចំពោះរថយន្តអគ្គិសនី ផលិតផលដែកថែបនិងអាលុយមីញ៉ូមពាក់ព័ន្ធដែលនាំចូលពីប្រទេសចិនកាលពីឆ្នាំមុនបានបង្កជាការដាក់កំហិតប្រកបដោយភាពរើសអើងចំពោះប្រទេសចិនដែលបានប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មជាប្រក្រតី បំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ។
យោងទៅលើលទ្ធផលស៊ើបអង្កេតមួយនេះ ប្រទេសចិនបានដំឡើងពន្ធគយលើផលិតផលដែលនាំចូលពីកាណាដាមួយចំនួនតាមផ្លូវច្បាប់ ។
កាលពីខែសីហា ឆ្នាំ ២០២៤ រដ្ឋាភិបាលកាណាដាបានប្រកាសដំឡើងពន្ធគយ ១០០ ភាគរយលើរថយន្តអគ្គិសនីរបស់ចិនចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ តទៅនិងដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់ចិនចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ តទៅ ។ អ្នកវិភាគបានលើកឡើងថា ការដំឡើងពន្ធគយដោយឯកតោភាគីរបស់កាណាដាមិនអើពើនឹងការពិតជាក់ស្តែងនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក វាគឺជាទង្វើគំាពារនិយមផ្នែកពាណិជ្ជកម្មសុទ្ធសាធដែលបានបង្កជាវិធានការប្រកបដោយភាពរើសអើងចំពោះប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន ក៏ដូចជាបំផ្លាញដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កាណាដា ។
ផ្ទុយទៅវិញ ការស៊ើបអង្កេតប្រឆាំងភាពរើសអើងរបស់ប្រទេសចិន គឺ ធ្វើឡើងស្របតាមច្បាប់និងបទប្បញ្ញត្តិ ។ បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ចិននិងកាណាដាសុទ្ធតែជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាណាដាដំឡើងពន្ធគយដោយផ្ទាល់ចំពោះផលិតផលពាក់ព័ន្ធដែលនាំចូលពីប្រទេសចិនវាបានល្មើសនឹងក្បូនច្បាប់ពាក់ព័ន្ធដូចជា ”គោលការណ៍មិនរើសអើង”ជាដើមរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយភាគីចិនបានចាប់ដំណើរការការស៊ើបអង្កេតគឺជាការគាំពារយ៉ាងខ្លាំងក្លាចំពោះក្បូនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ។
ដូចលទ្ធផលស៊ើបអង្កេតរបស់ប្រទេសចិនដែលបានបង្ហាញឱ្យឃើញថា ប្រទេសកាណាដាបានដំឡើងពន្ធគយលើផលិតផលពាក់ព័ន្ធដែលនាំចូលពីប្រទេសចិនកាលពីឆ្នាំមុនដែលបានប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មជាប្រក្រតីនិងបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ។ ទិន្នន័យបានបង្ហាញថា បន្ទាប់ពីកាណាដាបានដំឡើងពន្ធគយចំពោះប្រទេសចិន ការនាំចេញរថយន្តអគ្គិសនីរបស់ចិនទៅកាន់កាណាដាបានធ្លាក់ចុះ ៩៩ ភាគរយ ។ លើសពីនេះទៅទៀត ផលិតផលដែកថែបនិងអាលុយមីញ៉ូមព្រមទាំងមុខរបរពាក់ព័ន្ធផ្សេងទៀតក៏ត្រូវបានរងផលប៉ះពាល់ក្នុងកម្រិតទីទៃគ្នាផងដែរ ។ នេះហើយក៏ជាមូលហេតុដែលបន្ទាប់ពីលទ្ធផលស៊ើបអង្កេតប្រឆាំងភាពរើសអើងរបស់ប្រទេសចិនត្រូវបានចេញផ្សាយ សមាគមចំនួន ៦ ដូចជាសមាគមន៍ឧស្សាហកម្មរថយន្តចិនបានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះការកាត់ក្តីនៃការស៊ើបអង្កេតប្រឆាំងភាពរើសអើងចំពោះប្រទេសកាណាដា ។
យោងទៅលើលទ្ធផលស៊ើបអង្កេតប្រឆាំងភាពរើសអើង ប្រទេសចិនបានប្រកាសនាថ្ងៃដដែលថា ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ តទៅ ចិននឹងដំឡើងពន្ធគយ ១០០ ភាគរយលើប្រេងកាណូឡា នំធ្វើពីម្សៅនិងសណ្តែងបារាំងដែលមានប្រភពដើមនៅប្រទេសកាណាដា ហើយដំឡើងពន្ធគយ ២៥ ភាគរយលើជលផលនិងសាច់ជ្រូកដែលមានប្រភពដើមនៅប្រទេសកាណាដា ។
នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកកំពុងបំផុសសង្រ្គាមពាណិជ្ជកម្មនៅទូទាំងពិភពលោក ។ ប្រសិនបើកាណាដាចង់ធ្វើតាមសហរដ្ឋអាមេរិក នោះនឹងគ្មានលទ្ធផលល្អនោះទេ ប្រសិនបើកាណាដាប្រកាន់អាកប្បកិរិយាក្រអឺតក្រអោងដោយមិនសមហេតុផលចំពោះចិន នោះមុខជានឹងទទួលការធ្វើពហិការយ៉ាងដាច់ខាតជាមិនខាន។ ភាគីចិនមានតែឆ្លើយតបដោយពាក្យសម្តីមួយម៉ាត់ថា ចិនមិនដែលបង្ករឿងឡើយ ហើយក៏មិនខ្លាចការបង្ករឿងដែរ ។ ប្រទេសចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍និងសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាគាំពារយ៉ាងម៉ឺងម៉ាត់នូវក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ចិនមុខជានឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាតជាក់ជាមិនខាន ៕