សម្តេចតេជោ ចេញបញ្ជាឲ្យអភិបាលរាជធានីខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មិថុនា ២០២១) ៖ ក្នុងសារជាសំឡេងបន្ទាន់ កាលពីព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋមកហ្វឹកហាត់រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ។
ដោយសារតែកម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បីស្នើឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូមកុំប្រមូលផ្តុំប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេសយើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងថា យើងគោរពឯករាជ្យភាពរបស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង៕