សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងហ្សាការតានារសៀលនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មេសា ២០២១) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន
នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕