កូវីដ-១៩វាយប្រហារយ៉ាងធ្ងន់ធ្ងរនៅប្រទេសឥណ្ឌា ធ្វើឲ្យប្រព័ន្ធសុខាភិបាលទ្រាំទ្រលែងបាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០២១) នៅថ្ងៃសៅរ៍នោះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ-១៩បំបែកកំណត់ត្រារហូតដល់ ២៣៤ ០០០នាក់ និងករណីស្លាប់១៣៤១នាក់ ហើយចំនួនចេះតែបន្តកើនឡើងរហូតដោយគ្មានថមថយឡើយ ដែលការរាតត្បាតកូវីដ-១៩ វាយប្រហារធ្ងន់ធ្ងរហួសពីការស្មាននៅប្រទេសឥណ្ឌាដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទ្រាំទ្រលែងបាន។
ប្រទេសបានធ្លាក់ចូលក្នុងសោកនាដកម្មនៃសមាមាត្រមិនធ្លាប់មាន។ មនុស្សស្ទើរ១.៦លាននាក់បានឆ្លងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យតួលេខសរុបកើនជាង១៥លាននាក់ទៅហើយ។
សំឡេងរថយន្តសង្គ្រោះបន្ទាន់លាន់ឮឡើងស្ទើរពេញទីក្រុងដែលគ្មានពេលស្ងាត់ឡើយ។ នៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាល Lok Nayak នៅទីក្រុងដេលីដែលជាកន្លែងផ្ទុះកូវីដខ្លាំងបំផុត កំពុងខ្វះបរិក្ខាពេទ្យ និងអ៊ុកស៊ីសែន ហើយគ្រែមួយដាក់អ្នកជំងឺពីរនាក់ក៏មាន ខណៈអ្នកជំងឺខាងក្រជាច្រើននាក់កំពុងរង់ចាំគ្រែ ហើយរថយន្តសង្គ្រោះបន្ទាន់ចេញចូលមិនដាច់។
ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យជួរមុខបានបែកបាក់ ដោយសារការលិចលង់នៃអ្នកជំងឺកូវីដ-១៩។ ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាល ដោយសារតែខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ហើយការរៀបចំរបស់រដ្ឋ និងរដ្ឋាភិបាលមិនគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត Amit Thadhani នាយកមន្ទីរពេទ្យ Niramaya នៅទីក្រុង Mumbai បាននិយាយថា លោកធ្លាប់បានព្រមានពីការផ្ទុះឡើងវិញកាលពីខែកុម្ភៈហើយ ប៉ុន្តែពួកគេមិនខ្វល់។ ឥឡូវនេះមន្ទីរពេទ្យរបស់លោកមានអ្នកជំងឺពេញ។ បើមានអ្នកជំងឺចេញខ្លះ ចូលវិញពេញភ្លាម។
រយៈពេលតែ១២ថ្ងៃ អត្រាវិជ្ជមានកូវីដ-១៩បានហក់ឡើងដល់១៧% ខណៈទីក្រុងដេលីឡើងដល់៣០%ឯណោះ។ មន្ទីរពេទ្យទូទាំងប្រទេសពេញដោយអ្នកជំងឺ ប៉ុន្តែពេលនេះមានអ្នកជំងឺវ័យក្មេងលើសលប់នៅលើគ្រែ ក្នុងនោះទីក្រុងដេលលីមានដល់៦៥%នៃអ្នកឆ្លងដែលមានអាយុក្រោម៤០ឆ្នាំ៕