សម្ដេចតេជោ ៖ មិនត្រូវបិទការដឹកទំនិញចេញ-ចូលរវាងកម្ពុជា និងប្រទេសជិតខាងនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ កុម្ភៈ ២០២១) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារជាសំឡេងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សម្តេចទើបតែទទួលដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បទបញ្ជាទៅតាមខេត្តជាប់ព្រំដែនថៃ ជាពិសេសច្រកប៉ៃលិន ថាមិនឱ្យប្រជាពលរដ្ឋខ្មែរដឹកកសិផល ទៅព្រំដែនដូចពីមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក។
ជុំវិញរឿងនេះ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឱ្យប្រជាជនរកស៊ីធម្មតា និងជំរុញដល់ការនាំចេញកសិផលរបស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចបញ្ជាក់ថា កម្ពុជារឹតបន្តឹងទៅលើការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋដែលមកពីថៃ ប៉ុន្តែការធ្វើពាណិជ្ជកម្មនៅព្រំដែនគឺនៅធម្មតាដដែល។ «កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ»៕