ថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ និង​បានជាសះស្បើយចំ​នួន​២​នាក់​

សារព័ត៌មាន​ Cambodia News

ភ្នំពេញ (២៥ វិច្ឆិកា ២០២០) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីម្នាក់  ដែលជាអ្នកដំណើរមកពីប្រទេសនេប៉ាល់ ខណៈដែលអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយ។​

សូម​បញ្ជាក់ថា អ្នកឆ្លងជំងកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិនេប៉ាល់ អាយុ៣៧ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ទៅដូហា និងបន្តជើងយន្តហោះ នៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅថ្ងៃដែលមកដល់កម្ពុជា បុរសនេប៉ាល់រូបនេះបានធ្វើតេស្តដោយទទួលបានលទ្ធផល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។

លទ្ធផលនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយអ្នកជំងឺនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែកសម្រាប់ករណីជាសះស្បើយវិញ អ្នកជាសះស្បើយទាំង២នាក់រួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវី១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុរសជនជាតិអាមេរិកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០៧នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន២៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន០៩នាក់៕

Related Articles

Back to top button
Close
Close