លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ សម្តេច ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ លទ្ធផល អវិជ្ជមានទាំងអស់​ 

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​នៅលើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា  លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេច​ និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសប្រទេសហុងគ្រី លទ្ធផលអវិជ្ជមានទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការថា៖

គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។

ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱយខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែល ខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។

សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល ខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោល នៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱយមនុស្សដទៃ មកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕

 

Related Articles

Back to top button
Close
Close