ហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនៅលីបង់អ្នកស្លាប់កើនដល់១៣៧នាក់
សារព័ត៌មាន Cambodia News/
បេរូត (០៧ សីហា ២០២០) ៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាតនៅក្នុងរដ្ឋធានីបៃរូត បានបន្តកើនឡើងដល់ ១៣៧នាក់ ក្នុងចំណោមអ្នករងរបួសជាង ៥,០០០នាក់ ហើយក្រុមជួយសង្គ្រោះរបស់ប្រទេសលីបង់ នៅតែបន្តតាមប្រមាញ់រកមនុស្សមួយចំនួនទៀតដែលបានបាត់ខ្លួន។ នេះបើយោងតាមប្រភពពី CGTN។
នាយករដ្ឋមន្ត្រីប្រទេសលីបង់បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ខណៈការស៊ើបអង្កេតដំបូងបានស្តីបន្ទោសទៅលើការធ្វេសប្រហែស ចំពោះសកម្មភាពយកសារធាតុផ្ទុះទៅស្តុកទុកក្នុងឃ្លាំងនៅក្បែរកំពង់ផែអស់រយៈពេល ៦ឆ្នាំ ទាំងមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ដោយឡែកអភិបាលក្រុងបេរូតបានឱ្យដឹងថា ប្រជាជនប្រមាណ ៣០ម៉ឺននាក់ ត្រូវបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរបាននឹងកំពុងធ្វើការផ្តល់ស្បៀងអាហារ និងទឹក ក៏ដូចជារៀបចំទីជម្រកដល់ជនរងគ្រោះឱ្យស្នាក់នៅបណ្តោះអាសន្ន។
ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានេះ បានធ្វើឱ្យកក្រើកនៅក្នុងរដ្ឋធានីបេរូត ដោយបង្កឲ្យមានការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលប្រទេសលីបង់ទើបតែបានធូរស្រាលមួយកម្រិត ពីបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការឆ្លងរាតត្បាតនៃជំងឺកាចសាហាវកូវីដ១៩។ ហើយបើតាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ អាចនឹងកើនឡើងបន្តទៀត៕