សម្តេចតេជោ ប្រាប់ប្រជាពលរដ្ឋឱ្យការពារខ្លួន កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩
(ភ្នំពេញ)៖ ជាថ្មីម្តងទៀតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ តាមរយៈសារនៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំឱ្យឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឱ្យសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីឱ្យពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំឱ្យឆ្លងរោគ»។
«យើងដឹងហើយថា ជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហេីយក្នុងពេលនេះ គឺបានធ្វើឱ្យពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ»។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕