បន្ទាប់ពីមិនមានករណីឆ្លងក្នុងស្រុករយៈពេល២១ថ្ងៃ ថៃបានបញ្ចប់បម្រាមគោចរ
សារព័ត៌មាន Cambodia News/
បាងកក (១៦ មិថុនា ២០២០) ៖ នៅពេលដែលវិបត្តិវីរុសកូរ៉ូណាក្នុងប្រទេសបានធូរស្បើយចាប់តាំងពីមិនមានករណីឆ្លងរាលដាលក្នុងតំបន់រយៈពេល២១ថ្ងៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ថៃបានដកបម្រាមគោចរទូទាំងប្រទេស បន្ទាប់ពីដាក់រយៈពេលជាងពីរខែ ហើយបានអនុញ្ញាតឲ្យភោជនីយដ្ឋាននានាចាប់ផ្តើមលក់ស្រាឡើងវិញ។
ទន្ទឹមនោះគ្រឹះស្ថានផ្សេងទៀតដែលត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញនៅថ្ងៃចន្ទមានដូចជា សាលារៀនជាមួយនឹងចំនួនសិស្សតិចជាង ១២០ នាក់ សាលពិព័រណ៍ ការប្រគុំតន្ត្រី ផលិតកម្មភាពយន្ត សួនកុមារ សួនកម្សាន្ត និងការប្រកួតកីឡាដោយគ្មានអ្នកទស្សនា។
ចំណែកតៀមស្រា បារ៍ និងហាងខារ៉ាអូខេនឹងនៅតែបិទទ្វារដដែល ប៉ុន្តែភោជនីយដ្ឋានដែលបើកដំណើរការវិញកាលពី ២ សប្តាហ៍មុនជាមួយនឹងគម្លាតសង្គមឥឡូវនេះនឹងអាចបម្រើស្រាបាន។
ក្រុមមន្ត្រីបានធ្វើការសរសើរដល់ប្រជាជនថៃដែលគោរពតាមការគោលការណ៍ពាក់ម៉ាស់ជាសាធារណៈចាប់តាំងពីខែមករាក៏ដូចជាការបិទព្រំដែន ការបិទអាជីវកម្មជាច្រើន និងបម្រាមគោចរសម្រាប់ការថមថយនៃវីរុសថ្មីដែលបានឆ្លងដល់ ៧.៩ លាននាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង ៤៣ ម៉ឺននាក់៕