ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាក្នុងប្រទេសចិនកើនឡើងដល់ជាង ១ពាន់នាក់
សារព័ត៌មាន Cambodia News/
ចិន (១១ កុម្ភៈ ២០២០) ៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារការឆ្លងរាលដាលនៃវីរុសថ្មី ក្នុងប្រទេសចិនបានកើនឡើងដល់ ១.០១១នាក់នៅទូទាំងប្រទេសនៅថ្ងៃអង្គារនេះ បន្ទាប់ពីខេត្តហ៊ូប៉ីដែលរងគ្រោះធ្ងន់ធ្ងរបានរាយការណ៍ថា មានអ្នកបាត់បង់ជីវិតថ្មីចំនួន ១០៣នាក់។
គិតត្រឹមល្ងាចថ្ងៃច័ន្ទ ចំនួនអ្នកបាត់បង់ជីវិតបានឡើងដល់ ១ពាន់នាក់ ច្រើនជាងអ្នកដែលបាត់បង់ជីវិតក្នុងកំឡុងពេលនៃការផ្ទុះវីរុស SARS ក្នុងឆ្នាំ២០០៣។
ចំនួនអ្នកឆ្លងដែលត្រូវបានបញ្ជាក់នៅចិនដីគោកបានកើនឡើង ១៥% កាលពីថ្ងៃអាទិត្យដល់ចំនួន ៤០.១៧១នាក់។ មានករណីផ្ទុកជាង ៣០០ករណីត្រូវបានបញ្ជាក់នៅក្រៅប្រទេសចិន ក្នុងនោះមាន ១២ករណីនៅសហរដ្ឋអាមេរិក។
នៅក្នុងការវិវឌ្ឍន៍ប្រចាំថ្ងៃ គណៈកម្មការសុខភាពរបស់ខេត្តហ៊ូប៉ីក៏បានបញ្ជាក់ ពីករណីថ្មីចំនួន ២.០៩៧ករណីផ្សេងទៀតផងដែរនៅក្នុងខេត្តភាគកណ្ដាល ជាទីដែលវីរុសនេះបានផ្ទុះឡើងនៅក្នុងខែធ្នូ៕