ប្រធានាធិបតីអាមេរិកលោក Trump ដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់
សារព័ត៌មាន Cambodia News/
វ៉ាស៊ីនតោន (៩ មករា ២០២០) ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីមាត់ជ្រោះនៃសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ដោយអះអាងថា ក្រុងតេហេរ៉ង់ហាក់ដូចជាកំពុងដកថយហើយបន្ទាប់ពីបានបាញ់គ្រាប់មីស៊ីលដោយ មិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់។ នេះបើតាមសារព័ត៌មាន CNA។
តាមរយៈសន្និសីទសារព័ត៌មានធំមួយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោកបានសង្កត់ធ្ងន់ថា មិនមានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីស៊ីល ដែលមានគោលដៅវាយប្រហារ ទៅលើមូលដ្ឋានចំនួនពីររបស់អាមេរិកឡើយ។ លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា «គ្មានជនជាតិអាមេរិកណាម្នាក់ បានរងគ្រោះដោយសារការវាយប្រហារកាលពីយប់មិញ ដោយរបបដឹកនាំអ៊ីរ៉ង់ឡើយ។ អ៊ីរ៉ង់ហាក់ដូចជាដកថយហើយ ដែលនេះគឺជាអ្វីមួយដែលល្អសម្រាប់គ្រប់ភាគី និងល្អខ្លាំងសម្រាប់ពិភពលោកទាំងមូល…»។