បទវិភាគ៖ ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព
Cambodia News
“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម បាននាំគ្នាវាយតម្លៃដូចការលើកឡើងខាងលើ ។ ទិន្នន័យបានបង្ហាញថា ក្នុងបីត្រីមាសដើមឆ្នាំនេះ ពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានទំហំ ៣៩,៩៤ ទ្រីលានយាន់បា្រក់ចិន បានកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ពាណិជ្ជកម្មនាំចេញបានកើនឡើង១៦,៤ភាគរយ ពាណិជ្ជកម្មនាំចូលបានកើនឡើង២២,៣ភាគរយ ។ នៅខែកញ្ញា ពាណិជ្ជកម្មនាំចេញនាំចូលទំនិញមានទំហំ ៥,១៦ ទ្រីលានយាន់បា្រក់ចិន បានបំបែកចំនួន៥ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលបានកើនឡើង២៧,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើនិយាយពីបរិបទទូទៅ បរិមាណ និងគុណភាពនៃពាណិជ្ជកម្មនាំចេញនាំចូលបានលើកកម្ពស់ស្របពេលជាមួយគ្នា ដែលបានរក្សាបាននូវនិន្នាការកើនឡើងដ៏ល្អប្រសើរ ។
ក្នុងនាមជាប្រទេសធំជាងគេលើវិស័យឧស្សាហកម្មកម្មន្តសាល និងទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ពាក់ព័ន្ធដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការអភិវឌ្ឍរបស់សហគ្រាសនៃបណ្តាប្រទេសនានា ។ ក្នុងឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនក្នុងបីត្រីមាសដើមឆ្នាំនេះ សម្រេចបាននូវ “ភាពលឿន ភាពថ្មី មានគុណភាពនិងល្អប្រសើរ ” តើនេះអាចនាំមកនូវអ្វីដល់ពិភពលោក ?
បើនិយាយពីការនាំចេញអាចឃើញថា ដោយសារប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មពេញលេញ និងបានខិតខំប្រឹងប្រែងធ្វើឱ្យឧស្សហកម្មកម្មន្តសាលជឿនលឿនមានភាពកាន់តែខ្លាំងឡើងៗ ដូច្នេះ ប្រទេសចិនអាចឆ្លើយតបនឹងតម្រូវការលើវិស័យផលិតកម្ម និងការប្រើប្រាស់នៅលើពិភពលោកដោយចំគោលដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងអាចផ្តល់ការផ្គត់ផ្គង់ប្រកបដោយគុណភាព និងស្ថិរភាព ។ ទាំងនាវា មនុស្សយន្តឧស្សាហកម្ម ម៉ូឌុលទូរគមនាគមន៍អុបទិកល្បឿនលឿន និងរ៉ាក់ម៉ាស៊ីនមេកុំព្យូធីង AI ប្រទេសចិនបានបន្តដើរតួនាទីជា “យុថ្កា”សម្រាប់ស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយបង្កើនលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសពាក់ព័ន្ធនានា ។
ក្នុងនាមជា“អ្នកលក់កំពូលផុតលេខ”និង“អ្នកទិញកំពូលផុតលេខ” ប្រទេសចិនបាននាំមកនូវ “ផលប្រយោជន៍ដល់អ្នកជិតខាង” និង “វិបុលភាពដល់អ្នកជិតខាង”កាន់តែច្រើន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាទីផ្សារនាំចូលធំទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា ។ ផែនការអភិវឌ្ឍ៥ឆ្នាំ ទី១៥ បានលើកឡើងយ៉ាងច្បាស់ថា នឹងជំរុញឱ្យការនាំចេញនិងការនាំចូលទទួលបានការអភិវឌ្ឍប្រកបដោយតុល្យភាព ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ តាមរយៈឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ការនាំចូលគ្រឿងបន្លាស់ផ្ទុករបស់ចិនបានកើនឡើង១,៥ដង ការនាំចូលសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង៥៦,៦ភាគរយ ការនាំចូលគ្រឿងបន្លាស់យន្តហោះបានកើនឡើង១៧,៦ភាគរយ ។
ទន្ទឹមនឹងនេះ យោងតាមការប្រើប្រាស់របស់ប្រជាជនចិនបានលើកកម្ពស់ថ្នាក់ ទើបក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចូលផ្លែធូរេនស្រស់ពីប្រទេសម៉ាឡេស៊ីបានកើនឡើង ៣,៣ ដង ការនាំចូលត្រីសាម៉ុងពីកោះហ្វារ៉ូបានកើនឡើង ៤១,៤ភាគរយ ។ល។ “ទំនិញល្អនៅទូទាំងពិភពលោក” កាន់តែច្រើនឡើងៗបាននាំចូលដល់ប្រទេសចិន មិនត្រឹមតែបានបំពេញតម្រូវការផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវការបញ្ជាទិញ និងឱកាសអភិវឌ្ឍន៍កាន់ច្រើនដល់សហគ្រាសនៃបណ្តាប្រទេសនានាទៀតផងដែរ ។
ពាណិជ្ជកម្មអន្តរជាតិ ជាបង្អួចដ៏សំខាន់មួយសម្រាប់ពិនិត្យអង្កេតភាពរស់រវើកនៃសេដ្ឋកិច្ចចិន ។ ការដែលកម្លាំងចលករ និងភាពរស់រវើកនៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិក្នុងបីត្រីមាសដើមឆ្នាំនេះ មានភាពកាន់តែខ្លាំងឡើងៗ បានបង្ហាញថា និន្នាការជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនអាចកែប្រែទេ ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេញមួយឆ្នាំ ។
ពិព័រណ៍នាំចេញនាំចូលចិនលើកទី១៤០បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា ។ នៅខែវិច្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើទី៩ និងសនិ្នសីទក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក៏នឹងរៀបចំឡើងជាបន្តបន្ទាប់ ។ ទ្វារបើកទូលាយរបស់ចិននឹងបើកចំហកាន់តែធំឡើងៗ ពិភពលោកអាចមើលឃើញកាន់តែច្បាស់ថា ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព ៕
