ពលរដ្ឋចោទឧកញ៉ា ភឿន ផល្លា ថា បានដើររំលោភយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បានចោទប្រកាន់លោកឧកញ៉ា ភឿន ផល្លា ថា បានរំលោភយកដីព្រែកសាធារណៈរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ទន្ទឹមនោះគេក៏ស្គាល់ថា លោកឧកញ៉ា ភឿន ផល្លា អាងអំណាចជាមន្ត្រីយោធា ពាក់ផ្កាយ៣ នៅអង្គភាព ង៧០ ។
ប៉ុន្តែប្រជាពលរដ្ឋបានផ្ទុះការតវ៉ា បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាបន្លំធ្វើឯកសារមាន ស្នាមមេដៃរបស់ពួកគាត់ ដើម្បីធ្វើលិខិតផ្ទេរកម្មសិទ្ធិកាន់កាន់ដីព្រែកសាធារណៈរបស់រដ្ឋ ទៅឲ្យឧកញ៉ា ភឿន ផល្លា ដោយខុសច្បាប់ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រែករបស់រដ្ឋដែលឧកញ៉ា ភឿន ផល្លា រំលោភយក គឺមានប្រវែងរាប់គីឡូម៉ែត្រ នៅជាប់ផ្លូវប្របមាត់ទន្លេមេគង្គត្រើយខាងកើត ចាប់ពីមុខវត្តអរិយក្សត្រ រហូតដល់មុខវត្តខ្សាច់ និងមានទំហំសរុបជាង ១០ហិកតា ត្រូវបានអាជ្ញាធរឃុំអរិក្សត្រ និងអាជ្ញាធរស្រុកល្វាឯម ឃុបឃិតគ្នានធ្វើប័ណ្ណសិទ្ធិដាក់ឈ្មោះ ភឿន ផល្លា តាមរយៈការបន្លំឲ្យប្រជាពលរដ្ឋផ្តិតមេដៃលក់ដោយខុសច្បាប់។
ប្រជាពលរដ្ឋបានចោទ ឧកញ៉ា ភឿន ផល្លា ថា បានប្រើអំណាចទឹកប្រាក់ ឲ្យអាជ្ញាធរក្នុងមូលដ្ឋានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើឯកសារបញ្ជាក់ថា ពួកគាត់បានយល់ព្រមលក់ដីព្រែករបស់រដ្ឋទំហំជាង១០ហិកតានេះឲ្យខ្លួនដោយគ្រាន់តែផ្តល់ លុយបន្តិចបន្តួចឲ្យពលរដ្ឋប៉ុណ្ណោះ ។
តាមព័ត៌មានទទួលបានឲ្យដឹងថា ឧកញ៉ា ភឿន ផល្លា តែងតែប្រើរូបភាពបញ្ចុះបញ្ចូលប្រជា ពលរដ្ឋនៅតាមបណ្តាស្រុក ក្នុងខេត្តកណ្ដាល ដើម្បីបោកបញ្ឆោតពួកគាត់ឲ្យផ្តិតមេដៃលក់ដីបឹង ដីព្រៃលិចទឹក និងដីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឧកញ៉ា ភឿន ផល្លា បានប្រើមេខ្យល់យ៉ាងហោចណាស់ ៣នាក់ ឲ្យដើរប្រមូលប្រជាពល រដ្ឋនៅក្នុងភូមិព្រែកថ្មី ប្រមាណ១០០នាក់ ដោយជួបជុំគ្នានៅក្នុងវត្តកំពង់ចម្លង ឃុំជ័យធំ ឲ្យផ្តិតមេដៃលើឯកសារលក់ដីបឹងមួយឈ្មោះ បឹងខ្យង ទំហំប្រមាណ១០០ហិកតា ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយពលរដ្ឋម្នាក់ទទួលបានប្រាក់ចំនួន១០០ដុល្លារពីមេខ្យល់ដែលបម្រើឲ្យមហិច្ឆិតារបស់ឧកញ៉ារូបនោះ ។
ប៉ុន្តែសកម្មភាពទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់បែបនេះ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារ មកពីភូមិជ័យតូច, តាគាត់កើត, តាគាត់លិច, ព្រែកថ្មី និងមកពីភូមិជ្រៃលាស់ ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នាផ្តិតមេដៃជំទាស់នឹងទង្វើលក់ដីឲ្យលោកឧកញ៉ា ភឿន ផល្លា ដែលបានចំណាយប្រាក់រាប់ពាន់ដុល្លារឲ្យប្រជាពលរដ្ឋទាំងនេះ ដើម្បីឲ្យផ្តិតមេដៃលក់បឹងខ្យង ដោយបំពានច្បាប់។
គួររម្លឹកថា លោកឧកញ៉ា ភឿន ផល្លា ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ប្តឹងរឿងដីធ្លីផងដែរ។
ប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ នៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រតិកម្ម ចំពោះលោកឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ក្រោយពីបានបែកធ្លាយឯកសាររឿង ដីប្រមាណជិត ២០០ហិកតា ដែលបុគ្គលទាំងពីរនាក់នេះ បានមកសុំយកមេដៃដើម្បីសុំសិទ្ធិ ស្របច្បាប់ពីប្រមុខរាជរដ្ឋាភិបាលជូនពួកគាត់ ប៉ុន្តែបែរជាមានតែឈ្មោះលោកឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ក្នុងការគ្រប់គ្រងដីប្រមាណ១៩២ហិចតាទៅវិញ ។
លោក គឹម ចំណាន តំណាងអោយប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានថ្លែងថា ពួកគាត់មិនស្មានថា អ្វី គឺជាឆាកល្ខោន សោះ ព្រោះកន្លងមកឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ពួកគាត់ និងសុំអោយពួកគាត់ផ្តិតមេដៃ ដើម្បីដាក់ជួនប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ង្វៀលដីជូនពួកគាត់ ប៉ុន្តែអ្វីៗផ្ទុយពីការពិតទាំងអស់ ស្រាប់តែថ្មីៗនេះ ពួកគាត់បានទទួលឯកសារមួយច្បាប់ ដែលមន្ទីជំនាញ ស្ថាប័នពាក់ព័ន្ធប្រគល់ដីជូនតែឈ្មោះភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ។
តំណាងពលរដ្ឋបញ្ជាក់ថា អ្វីទាំងអស់នោះគឺផ្ទុយពី ស ជ ណរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ស ជ ណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាត់ង្វៀលដីចំនួន ១៩២ហិចតានេះ ជូនឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួមជាប្រជាពលរដ្ឋចំនួន២៩ គ្រួសារផ្សេងទៀត។
ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋទាំង៣៧គ្រួសារ បានស្នើយ៉ាងទទួចដល់ស្ថាប័ន ពាក់ព័ន្ធថ្នាក់លើជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាជួយរក យុត្តិធម៏ជូនពួកគាត់ផង ហេតុអីពួកគាត់រស់នៅអាស្រ័យផលជាក់ស្តែងបែរជាពុំមានឈ្មោះ បែរជាមានឈ្មោះបុគ្គលដែលពុំមានទីលំនៅអាស្រ័យផលទីនេះទៅវិញ។
ទាក់ទិនការចោទប្រកាន់ខាងលើនេះសារព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ បាននៅឡើយទេ រហូតមកដល់ពេលនេះ៕