មនុស្សជិត ២០ម៉ឺននាក់ ត្រូវការជំនួយមនុស្សធម៌បន្ទាន់ ក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី
សារព័ត៌មាន Cambodia News/
ហ្សាការតា (៣ តុលា ២០១៨) ៖ យោងទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា មនុស្សសរុបចំនួន ១៩១.០០០នាក់ កំពុងត្រូវការជំនួយមនុស្សធម៌ ជាបន្ទាន់ បន្ទាប់ពីមានការរញ្ជួយដីខ្លាំង និងរលកយក្សស៊ូណាមី ដែលបានបំផ្លិចបំផ្លាញខេត្ត Sulawesi នៃប្រទេសឥណ្ឌូណេស៊ី ក្នុងពេលអ្នកស្លាប់ កើនដល់ ១.២៤៩នាក់។
ជំនួយទាំងនោះមានអាហារ ទឹកស្អាត និងជម្រក។ ភ្នាក់ងារឧតុនិយម និងភូគព្ភវិទូបាននិយាយថា រលកយក្សស៊ូណាមី ដែលមានកម្ពស់ពី កន្លះម៉ែត្រ ទៅ៣ម៉ែត្រ បានបំផ្លិចបំផ្លាញ តំបន់ឆ្នេរសមុទ្រ ក្បែរឆ្នេរតាលីសា នៅក្នុងស្រុក ប៉ាលូ និងស្រុក ដុហ្គាឡា ។
យោងតាមវិទ្យាស្ថានគ្រប់គ្រង គ្រោះមហន្តរាយ ឥណ្ឌូនេស៊ី និងមជ្ឈមណ្ឌលថែទាំមនុស្សជាតិ និងមជ្ឈមណ្ឌលទិន្នន័យ មនុស្សធម៌បានឱ្យដឹងថា មនុស្សជាង ១,២៤៩នាក់ បានស្លាប់, ៥៤០នាក់រងរបួសធ្ងន់ធ្ងរ និងបង្ខំឱ្យមនុស្សចំនួន ១៦.៧៣២នាក់ភៀសខ្លួនចេញពីលំនៅឋាន៕