៦ខែដើមឆ្នាំ២០១២​​បទល្មើសឧក្រិដ្ឋនៅ​​ភ្នំពេញកើនឡើងប៉ុន្តែ​​បទល្មើសសេព​​សន្ថវៈថយចុះ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅសាលារាជធានីភ្នំពេញលោក ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញបានលើកឡើងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះបទល្មើសឧក្រិដ្ឋនៅរាជធានីភ្នំពេញបានកើនឡើង ប៉ុន្តែបទល្មើសសេពសន្ថវៈមានការថយចុះ។

លោក ទូច ណារ៉ុថ បន្តថា ក្នុងឆមាសទី១ឆ្នាំ២០១២នេះនៅក្នុងរាជធានីភ្នំពេញ បទល្មើសគ្រប់ប្រភេទ កើតមានឡើងចំនួន ២៦១ ករណី លើ២៨៩ករណី ប្រៀបធៀបឆមាសទី១ ឆ្នាំ២០១១ បានកាត់បន្ថយ ២៨ ករណី ស្មើនឹង ៩.៦៨ ភាគរយ ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង ៨៦ លើក លើ ៧២ លើក កើនឡើង ១៤ លើក ស្មើនឹង ១៩.៤៤ ភាគរយ និងបទល្មើសមជ្ឈិមកើតឡើង ១៧៥ លើក ក្នុង ២១៧ លើក ថយចុះ ៤២ ស្មើនឹង ១៩.៣៥ ភាគរយ។

ទោះបីបទល្មើសឧក្រិដ្ឋកើនឡើង ប៉ុន្តែ បទល្មើសរំលោភសេពសន្ថវៈមានការថយចុះ ៩ លើក ស្មើនឹង ៣៧.៥ ភាគរយ (១៥ លើក ក្នុង ២៤ លើក)។ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បន្តថា ក្នុងចំណោមបទល្មើស ដែលកើតមានខាងលើ ដែលបង្ក្រាបបាន ២០៩ លើក លើ ២៦១ លើក ស្មើនឹង ៨០.០៧ ភាគរយ នៃបទល្មើស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៣៤ នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់។

ក្នុងនោះ បង្ក្រាបជាក់ស្តែងបាន ១៣៩ ករណី ១៩១ នាក់ ស្មើនឹង ៦៦.៥០ ភាគរយ និងបង្ក្រាបដោយស៊ើបអង្កេតបាន ៧០ ករណី ៦៦ នាក់ ស្មើនឹង ៣៣.៤៩ ភាគរយ។ ដោយឡែកការងារបង្ក្រាបតាមដីកាតុលាការ ៣២ ករណី ៣២ នាក់។

បទល្មើសឧក្រិដ្ឋ ៥២ ករណី ឃាត់ខ្លួន ១០៥ នាក់ ក្នុងនោះ មនុស្សស្លាប់ ១២ ករណី ២២ នាក់ លួចមានស្ថានទម្ងន់ ២២ ករណី ៦០ នាក់ រំលោភសេពសន្ថវៈ ១៦ ករណី ២១ នាក់ ជំរិតទារប្រាក់ ២ ករណី ២ នាក់ និងបទល្មើសមជ្ឈិម ១៥៧ ករណី ឃាត់ខ្លួន ២២៩ នាក់ លួច ៩៣ ករណី ១៤៣ នាក់ អំពើហិង្សាដោយចេតនា ៣០ ករណី ៤២ ឆបោក១៩ ករណី ២៣ នាក់ ប្រទូស្តកេរ្តិ៍ខ្មាស់ ១៣ ករណី ១៣ នាក់ បទល្មើសផ្សេងៗ ២ ករណី ៣ នាក់។

លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បានធ្វើការវាយតម្លៃថា បទល្មើសប្លន់មុខសញ្ញាភាគច្រើនជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក និងជាមុខសញ្ញាសេសសល់ពីករណី ដែលមិនទាន់ចាប់ខ្លួនបាន ក្រៅពីនេះ ជាមុខសញ្ញាក្មេងទំនើង សេពគ្រឿងញៀន និងលេងល្បែងស៊ីសង ឃុបឃិតជាមួយសមាសភាពអាក្រក់ធ្វើសកម្មភាព៕

Related Articles

Back to top button
Close
Close