សម្ដេចតេជោ ៖ ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនា

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ( ៣០ មករា ២០១៨) ៖ នៅ​ព្រឹក​ថ្ងៃទី​៣០​មករា ឆ្នាំ​២០១៨​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន មានប្រសាសន៍ តាម​បណ្តាញ​សង្គម​ថា ខ្វះ​តែ​១​ថ្ងៃ​ទៀត​ដាច់​ខែមករា ហើយ​ចូលឆ្នាំ​ចិន ក៏​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ចូលឆ្នាំ​សកល​កន្លងទៅនេះ​។​ សម្តេច​​​បន្តថា ពិតណាស់ កម្ពុជា​ចូលឆ្នាំ​៣​ដង​ក្នុង​១​ឆ្នាំ ទាំង​សកល​, ឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ​។

ពីមុន​ប្រទេស​កម្ពុជា មិនសូវ​ឃើញ​មាន​បងប្អូន​សែន​ចិន​ច្រើន​ទេ ប៉ុន្តែ​សព្វថ្ងៃនេះ គឺមាន​កាន់តែ​ច្រើនឡើងៗ ជាមួយ​ប្រទេសជាតិ មាន​សុខ​សន្តិ​ភាព គឺ​ពលរដ្ឋ​មាន​សិទ្ឋិ​សេរីភាព​ពេញលេញ ក្នុងការ​ជ្រើសរើស​ជំនឿ​សាសនា ក៏ដូចជា​ការអបអរ​ប្រារព្វ​បុណ្យទាន ទៅតាម​ប្រពៃណី​ទំនៀម​ទម្លាប់ ពី​ដូនតា​ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ​។​

​សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក ដែល​សម្តេច​បញ្ជាក់ថា រូបថត​នេះ​ថត​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩១ ដែល​ពេលនោះ​សម្តេច​និង​ភរិយា បាន​ទៅ​ទស្សនកិច្ច​នៅ​មហាកំពែង​ប្រទេស​ចិន ក្នុងពេល​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ មុននឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១​។​

សម្តេច​បញ្ជាក់ថា សន្តិភាព​ដែល​កម្ពុជា បាន​ខិតខំ​រកបាន​ដោយ​លំបាក​បំផុត គឺ​ត្រូវ​រួមគ្នា​ថែរក្សា​អោយបាន​គង់វង្ស​ទាំងអស់គ្នា​។ ការ​ចូល​រួម​ចំណែក​ របស់​ជនរួមជាតិ គឺ​បានធ្វើអោយ​ប្រទេសជាតិ មាន​មាន​សេចក្តីសុខ និង​កាន់តែ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​នៅ​​ចុងបញ្ចប់​សម្តេច​បាន​ផ្ញើរ​សារ ជូនពរ​ជនរួមជាតិ​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សំណាងល្អ និង​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​កុំបី​ខាន​៕

Related Articles

Back to top button
Close
Close