រយៈពេល០៤ថ្ងៃនៃប្រតិបត្តិការយោធាតួកគីនៅស៊ីរីផ្តាច់ជីវិតមនុស្ស ២៦០នាក់
សារព័ត៌មាន Cambodia News/
អង់ការ៉ា (២៤ មករា ២០១៨) ៖ តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ៖ កងកម្លាំងយោធាតួកគីបានអះអាងថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលតួកគី ឆ្លងចូលមកក្នុងទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមកបានផ្តាច់ជីវិតសមាជិកនៃក្រុមប្រដាប់អាវុធឃើដ YPG យ៉ាងតិចចំនួន២៦០នាក់។
យោធាតួកគីបានបើកប្រតិបត្តិការឆ្លងចូលព្រំដែននៃប្រទេសស៊ីរី ក្នុងគោលបំណងកម្ទេចជនសកម្មប្រយុទ្ធឃើដ YPG ដែលខ្លួនចាត់ទុកថា គឺជាក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃើដ នៅតួកគី និងបន្ទាប់ពីមានដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងបង្កើតកម្លាំងការពារព្រំដែន នៅតាមបណ្តាយព្រំដែនភាគខាងជើងស៊ីរីជាប់នឹងតួកគី ចេញពីក្រុមប្រដាប់អាវុធនេះ។
បើតាមសេចក្តីថ្លែងការណ៍ពលទាហានតួកគីម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃអង្គារម្សិលមិញ ដែលធ្វើឲ្យចំនួនជនរងគ្រោះសរុប នៅក្នុងជួរកងទ័ពតួកគី០៣នាក់ គិតចាប់តាំងពីថ្ងៃបើកប្រតិបត្តិការបានចាប់ផ្តើម ខណៈពួក YPG យ៉ាងតិច២៦០នាក់ បានស្លាប់។ ទោះបីយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ប្រតិបត្តិការយោធា Operation Olive Branch នៅតែបន្តប្រព្រឹត្តទៅដោយជោគជ័យ និងតាមការគ្រោងទុក៕