មនុស្ស ៩នាក់ស្លាប់ក្នុងអំពើកុបកម្មនៅពន្ធនាគារមួយកន្លែងនៅប្រេស៊ីល
សារព័ត៌មាន Cambodia News/
ប្រេស៊ីល (០៣ មករា ២០១៨) ៖ មន្ត្រីប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានកាលពីម្សិលមិញថា អ្នកទោសមួយចំនួនបានវាយប្រហារគ្នានៅពន្ធនាគារមួយកន្លែងនៅរដ្ឋហ្គៀស (Goias) នៅប្រទេសប្រេស៊ីលដោយបានសម្លាប់មនុស្សចំនួន៩នាក់ ហើយចំនួន១៤នាក់ទៀតរងរបួស ។
មន្ត្រីពន្ធនាគារបាននិយាយថា អំពើហិង្សានេះទំនងជាបានកើតឡើងនៅពេលអ្នកទោសមួយចំនួននៅក្នុងមន្ទីរពន្ធានាគារមួយបានឈ្លានពានទៅលើអ្នកទោសចំនួន៣នាក់ដែលជាសមាជិករបស់ក្រុមអ្នកទោសផ្សេងទៀតដែលមានជម្លោះជាមួយគ្នា។
មន្ត្រីពាក់ព័ន្ធបានបន្ថែមទៀតថា ក្រុមអ្នកវាយប្រហារបានដុតពូកនៅពេលពួកគេបានដើរចូលក្នុងកន្លែងគូប្រជែងរបស់ខ្លួនព្រមទាំងដុតសាកសពមួយចំនួនដែលត្រូវបានពួកគេសម្លាប់ហើយផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានបាននិយាយថា អ្នកទោសប្រហែល១០៦នាក់បានរត់ចេញពីពន្ធនាគារនៅពេលអំពើកុបកម្មកើតឡើង ហើយមកដល់ពេលនេះមន្ត្រីប៉ូលិសទើបតែចាប់អ្នកទោសចំនួន២៩នាក់ត្រឡប់មកវិញតែប៉ុណ្ណោះ៕