ហ៊ុន សែន ថាបក្សសមរង្ស៊ីលេងធម៌ក្ដៅដល់សមាជិកខ្លួនរឿងបោះឆ្នោត
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មេដឹកនាំគណបក្សសមរង្ស៊ី បានបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនឲ្យបោះឆ្នោតឲ្យបក្ស សម រង្ស៊ី។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សារបស់វិទ្យាស្ថានវ៉ាន់ដា នៅឯវិទ្យាស្ថានអប់រំនាថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១១ នេះ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្ខំនេះមានរូបភាពដូចជាដកទូរស័ព្ទដៃពីសមាជិក និងបង្ខំឲ្យសមាជិកសមាជិកាស្បថបញ្ជាក់ភាពស្មោះត្រង់ជាដើម។
មន្ត្រីគណបក្ស សម រង្ស៊ី មួយរូបបាននិយាយថា ការឲ្យសមាជិករបស់ខ្លួនស្មោះត្រង់នឹងបក្ស ហើយស្បថស្បែជូនគណបក្សគឺជារឿងធម្មតា ហើយកិច្ចការនេះគណបក្សនយោបាយណាក៏ធ្វើដែរ សូម្បីតែគណបក្សប្រជាជនកម្ពុជា ក៏ដូចគ្នា។
សម្ដេច ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងដែរថា នៅក្នុងយុទ្ធនាការបោះឆ្នោតកន្លងមកក៏មានមន្ត្រីបក្សប្រជាជនកម្ពុជាខ្លះបានបង្ខំសមាជិកបក្សរបស់ខ្លួនដែរ តែត្រូវបានមន្ត្រីថ្នាក់លើរបស់បក្សប្រជាជនកម្ពុជាបានចុះទៅណែនាំមន្ត្រីមូលដ្ឋាននៅតាមភូមិឃុំឲ្យឈប់ធ្វើបែបនោះ៕