លោក ថាក់ស៊ីន ចេញមកធ្វើអត្ថាធិប្បាយនៅលើធ្វីតធើ
សារព័ត៌មាន Cambodia News/
ថៃ (៣១ សីហា ២០១៧) ៖ បន្ទាប់ពីស្ថិតនៅស្ងៀមស្ងាត់អស់ពេលជាច្រើនឆ្នាំមកនោះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃពុធទី៣០ខែសីហានេះ បានចេញធ្វើអត្ថាធិប្បាយនៅលើបណ្តាញទំនាក់ទំនងសង្គមធ្វីតធើ (Twitter) បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រីរបស់លោក បានធ្វើដំណើរតាមយន្តហោះចេញពីប្រទេសថៃ កាលពីសប្តាហ៍មុន។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិយាយនៅលើធ្វីតធើជាផ្លូវការរបស់លោកថា “លោក ឆាលី ដេ ម៉ង់តេស្ឃូ កាលពីពេលមួយនោះ បាននិយាយថា មិនមានមេដឹកនាំផ្តាច់ការដ៏ឃោរឃៅណាសាហាវឃោរឃៅជាងមេដឹកនាំ ដែលបន្តជ្រកនៅក្រោមច្បាប់ ហើយតាំងខ្លួនជាអ្នកការពារយុត្តិធម៌នោះទេ”។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអតីតសេដ្ឋីកាន់កាប់ប្រព័ន្ធទូរគមនាគមន៍នេះ ត្រូវបានទម្លាក់ពីអំណាចក្នុងការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០០៦ ហើយរស់នៅនិរទេសខ្លួននៅបរទេស ដើម្បីគេចចេញពីការជាប់ទោសប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ២០០៨ ដែល លោកបាននិយាយថាជាហេតុផលនយោយបាយ៕