សមាគមទូរទស្សន៍កម្ពុជា សេចក្តីថ្លែងការណ៍ទៅនឹងការចោទប្រកាន់របស់បកបក្សសង្គ្រោះជាតិ
សារព័ត៌មាន Cambodia News
ភ្នំពេញ (២៧ មិថុនា ២០១៧) ៖ សមាគមទូរទស្សន៍កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ហើយបានអះអាងថា ស្ថានីយទូរទស្សន៍ឯកជន គឺមិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយទេ ។ ស្ថានីយទូរទស្សន៍ឯកជននានា មានសិទ្ធិពេញលេញដោយឯករាជ្យ ក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ដែលមានលទ្ធភាពជួលម៉ោងផ្សាយ ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងជាការឆ្លើយតបនឹងការវាយប្រហាររបស់គណបក្សប្រឆាំង ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៦ ខែមិថុនា ដោយបានចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយភាគច្រើន មានភាពលម្អៀង និងចោទប្រកាន់ទូរទស្សន៍ឯកជនទាំងអស់ផ្សាយផ្ទាល់ពីយុទ្ធនាការឃោសនាបោះឆ្នោតឱ្យតែគណបក្សប្រជាជន តែមិនផ្សាយពីយុទ្ធនាការបស់គណបក្សខ្លួន។
សេចក្តីថ្លែងការណ៍របស់សមាគមទូរទស្សន៍កម្ពុជាបានបញ្ជាក់ថា៖ «ចំពោះការផ្សាយរបស់ស្ថានីយទូរទស្សន៍ឯកជននានា ទាក់ទិននឹងការផ្សព្វផ្សាយយុទ្ធនាការហែឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧កន្លងមក គឺគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុលោមតាមសេចក្តីណែនាំរបស់ គ.ជ.ប និងឈរលើគោលការណ៍សមធម៌ ។
សមាគមទូរទស្សន៍កម្ពុជា ពិតជាទទួលបាននូវការជូនដំណឹងពីស្ថានីយទូរទស្សន៍ឯកជននានាថា បានជួលម៉ោងឱ្យគណបក្សប្រជាជនកម្ពុជា ផ្សាយអំពីការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយ ។ យោងតាមការបញ្ជាក់ពីស្ថានីយទូរទស្សន៍ឯកជននានា គឺ គណបក្សសង្គ្រោះជាតិ មិនបានទាក់ទងជួលម៉ោងផ្សាយ នៅបណ្តាស្ថានីយទូរទស្សន៍ឯកជនណាមួយនោះទេ» ៕