ឈ្លោះគ្នារឿងថ្លៃទឹកដោះ កូនកម្លោះរត់ចោលរោងការ កូនក្រមុំដួលសន្លប់
សារព័ត៌មាន Cambodia News/
ថៃ (២៦ មិថុនា ២០១៧) ៖ ឈ្លោះគ្នារឿងថ្លៃទឹកដោះ កូនកម្លោះរត់ចោលរោងការ កូនក្រមុំដួលសន្លប់និងភ្ញៀវស្រឡាំងកាំងនិងកូនស្រីយំរហូតដួលសន្លប់នេះបានកើតឡើងនៅក្នុងខេត្តនគរ រ៉ាតចាស៊ីម៉ា ប្រទេសថៃ។
បើតាមសាច់ញាតិខាងស្រី កូនកម្លោះឈ្មោះអាឌីរ៉ាក ចាតាចាន អាយុ២៤ឆ្នាំនិងមិត្តភ័ក្តិប្រមាណ២០នាក់បានមកដល់ផ្ទះខាងស្រីជាមួយនឹងប្រាក់ទឹកដោះដែលភាគីទាំង២បានព្រមព្រៀងគ្នាចំនួន១០០.០០០បាត តែខាងប្រុសមានតែ៥០.០០០បាតនិងប្រាប់ខាងស្រីថារៀបការរួចខ្លួននឹងអោយ៥០.០០០បាតទៀត តែខាងស្រីនៅតែនិយាយដដែលៗថាមានតែ៥០.០០០បាតហើយទទូចចង់បានប្រាក់បន្ថែម។
ដោយទប់កំហឹងមិនបាន កូនកម្លោះបានស្ទុះចេញពីរោងការទាំងកណ្តាលការ ជាហេតុនាំអោយខាងស្រីប្តឹងប៉ូលិសទារជម្ងឺចិត្ត។ ទោះជាឪពុកខាងស្រីនិយាយថាជម្លោះនេះកើតចេញពីការយល់ខុស ក៏កូនក្រមុំវ័យ២៥ឆ្នាំបានវិលទៅធ្វើការនៅបាងកកវិញបាត់នៅថ្ងៃអាទិត្យនេះ។
ឪពុកខាងស្រីបន្ថែមថាលោកនិងប្រពន្ធមិនមានបញ្ហាជាមួយគ្រួសារខាងប្រុសទេហើយកូនកម្លោះនិងកូនក្រមុំនៅស្រឡាញ់គ្នានៅឡើយដូច្នេះភាគីទាំងពីរនឹងរកពេលសមស្របដើម្បីធ្វើពិធីតូចមួយដើម្បីផ្សំផ្គុំកូនទាំង២ឡើងវិញ។ ភាគីកូនកម្លោះក៏បានយល់ព្រមសងសំណងចំពោះការខាតបង់ពីការមិនបានទទួលចំណងដៃពីភ្ញៀវ ហើយខាងស្រីក៏បានសុំទោសភ្ញៀវផងដែរចំពោះឧបទ្ទវហេតុនេះ៕