ធនាគារជាតិ ព្រមានដកអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាដែលមិនគោរពតាមការណែនាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ ឧសភា ២០១៧) ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណាដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ បានឲ្យដឹងថា «កន្លងមកធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ ប៉ុន្តែធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មួយចំនួននៅតែអនុវត្តមិនទាន់ បានពេញលេញតាមសេចក្តីជូនដំណឹង»។
ហេតុដូច្នេះក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាម សេចក្តីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅរកការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម៕