ទូ ATM តាមផ្លូវ ប្រឈមការលុបបំបាត់ចោលទាំងស្រុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មីនា ២០១៧) ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ មីនា លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ទូដកលុយ ATM នៅតាមទីសាធារណៈទាំងអស់ របស់ធនាគារឯកជន ត្រូវប្រឈមទៅនឹងការលុបបំបាត់ចោលទាំងស្រុង ព្រោះទូទាំងអស់នោះ មិនមានអ្នកការពារ និងមើលថែឱ្យមានសុវត្ថិភាព បង្កឱ្យបទល្មើស និងអសន្តិសុខដល់សង្គម ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បែបនេះ បន្ទាប់ពីមានការដាក់បំផ្ទុះទូដកប្រាក់ ATM របស់ធនាគារកាណាឌីយ៉ា នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ មីនា កន្លងមកថ្មីៗនេះ ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ទៀតថា ទូដកប្រាក់ATM គួរតែលុបបំបាត់ មិនឲ្យដាក់នៅតាមទីសាធារណៈទៀតទេ ប្រសិនបើមិនមានអ្នកការពារ ឬមើលថែនោះ ព្រោះវាបានបង្កឲ្យមានបទល្មើស តែបើទូដកលុយនោះ អាចចល័តបាន វាមិនមានបញ្ហានោះទេ ។
លោកថា ការផ្ទុះទូដកប្រាក់ ATM នៅមុខមន្ទីរពេទ្យកុមារជាតិជារឿងមួយថ្មីនេះ វាផ្ទុះតែមួយកន្លែង ចុះបើជនល្មើសដាក់ឲ្យផ្ទុះច្រើនកន្លែង តើវានឹងបង្កចលាចលយ៉ាងណាក្នុងទីក្រុង ដូចនេះក្នុងនាម អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ការ និងទប់ស្កាត់ កុំឲ្យកើតមានបន្តទៀត ចំណែកមន្ត្រីនិងសមត្ថកិច្ចជំនាញ ត្រូវតែសិក្សារួមគ្នាលើវិធានការលុបបំបាត់នេះ ៕