ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតលើការសម្លាប់បងប្អូនប្រុសរបស់មេដឹកនាំកូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៧) ៖ ក្រុមអាជ្ញាធរម៉ាឡេស៊ីបានចាប់ឃុំខ្លួនស្ត្រីម្នាក់ក្នុងការជាប់ទាក់ទងនៃការស៊ើបអង្កេតលើការសម្លាប់ លោក គីម ជុង ណាម (Kim Jong-nam) ជាបងប្អូនប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។
ប៉ូលិសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធទី ១៥កុម្ភៈ ថា ស្ត្រីម្នាក់នេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួ និងថា ស្ត្រីនេះបានកាន់ឯកសារធ្វើដំណើរពីវៀតណាម។ ស្ត្រីនេះឈ្មោះដួន ធីហួង (Doan Thi Huong) រស់នៅទីក្រុងណាមឌិញ (Nam Dinh) ប្រទេសវៀតណាម។ នេះបើយោងតាមឯកសារធ្វើដំណើរទាំងនេះ។
លោក ខាលីដ អាប៊ូ បាកា (Khalid Abu Bakar) មេប៉ូលិសម៉ាឡេស៊ី បាននិយាយថា ស្ត្រីឈ្មោះ ដួន ធីហួង អាយុ២៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាននេះ កាលពីព្រឹកថ្ងៃពុធ គឺ២ថ្ងៃបន្ទាប់ពីការសម្លាប់នេះ។
លោក នួរ រ៉ាស៊ីដ អ៊ីប្រាហ៊ីម (Noor Rashid Ibrahim) អធិការរងប៉ូលិសម៉ាឡេស៊ីបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ប៉ូលិសកំពុងតាមរកចាប់ខ្លួនមនុស្សពីបីនាក់ផ្សេងទៀត ដែលជាជនបរទេសទាំងអស់”។
កាលពីពេលមុននេះ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា ក្រុមភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងសង្ស័យថា ភ្នាក់ងារសម្ងាត់កូរ៉េខាងជើងជាស្ត្រីចំនួន២នាក់ បានធ្វើឃាត លោក គីម ជុង ណាម កាលពីថ្ងៃចន្ទ៕