លោក កឹម សុខា ដឹកនាំ​បក្ស​ប្រឆាំង​បណ្ដោះ​អាសន្ន​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៣ កុម្ភៈ ២០១៧) ៖ គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នេះ​ បាន​សម្រេច​ប្រគល់​សិទ្ធិ​ទៅ​លោក កឹម សុខា ដឹកនាំ​ជា​បណ្ដោះ​អាសន្ន មុន​នឹង​មាន​ការ​ជ្រើស​រើស​ប្រធាន​ថ្មី ក្រោយ​លោក សម រង្ស៊ី បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​គ្រាន់​តែ​បញ្ជាក់​ប្រាប់​ថា ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។

ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​ទទួល​យក​ពាក្យ​លាលែង​ពី​តំណែង​របស់​លោក សម រង្ស៊ី និង​សម្រេច​ប្រគល់​សិទ្ធិ​ទៅ​​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ឲ្យ​ទទួល​តួនាទី​ជា​ប្រធាន​ស្ដី​ទី មុន​នឹង​គណបក្ស​នេះ​ជ្រើស​រើស​បាន​ប្រធាន​ថ្មី។

ទោះជាយ៉ាងណា ការ​សម្រេច​ចិត្ត​បែប​​នេះ​របស់​លោក សម រង្ស៊ី កើត​ឡើង ១១​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន សែន គំរាម​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​បិទ​ផ្លូវ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ៕

d

 

Related Articles

Back to top button
Close
Close