សម្តេចតេជោ៖ សូមពលរដ្ឋអធ្យាស្រ័យពីការរំខានការចរាចរណ៍នៅការដ្ឋានសំណង់ស្ពានអាកាសស្តុបផ្សារដីហុយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅ នេះ។
មកទល់ពេលនេះគឺសម្រេចបានប្រមាណ ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់ដំឡើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន ។
គម្រោងសាងសង់ “ស្ពានអាកាសស្តុបផ្សារដីហុយ” នេះ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ គ្រោងនឹងបព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។
គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី ២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។
ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។
ប៉ុន្តែពេលនេះ ការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។ «ដូចច្នេះសូមបងប្អូនអ្នកធ្វើដំណើរ និងសាធារណជនមេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវមួយនេះ។ សូមបើកបរមានសុវត្ថិភាពទាំងអស់គ្នា»៕