ប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ទូទាំងក្រុងភ្នំពេញ ចាប់ដំណើរការនៅខែមករា ឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិយាយឲ្យដឹងថា ភ្លើងស្តុបថ្មីជាមួយនឹងកាមេរ៉ាសុវត្ថិភាព ដែលកំពុងតែដំណើរការតម្លើងរួចជាបន្តបន្ទាប់នឹងចាប់ផ្តើមបើក ប្រើប្រាស់បណ្តើរៗចាប់ពីខែមករា និងប្រើទាំងអស់នៅក្នុងខែឧសភាឆ្នាំ ២០១៧ខាងមុខ។
លោកនាយកមន្ទីរបាននិយាយដោយរំពឹងថា នៅពេលភ្លើងស្តុបថ្មីជាមួយនឹងកាមេរ៉ាសុវត្ថិភាព ដែលកំពុងបន្តតម្លើងនៅតាមភ្លើងស្តុបនិងតាមដងផ្លូវបានតម្លើងរួច នឹងដាក់ឲ្យប្រើប្រាស់ដោយមានមណ្ឌលត្រួតពិនិត្យប្រពន្ធ័ចរាចរណ៍ នៅក្នុងអគារសាលាក្រុងនោះ បញ្ហាកកស្ទះអាចនឹងត្រូវបានកាត់បន្ថយហើយ។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ភ្លើងបញ្ជាចរាចរណ៍នៅតាមស្តុបនីមួយៗនាពេលកន្លងទៅ បានដាក់មានរយៈពេលស្មើគ្នា ទោះជានៅលើផ្លូវម្ខាងគ្មានចរាចរណ៍រង់ចាំ ជាពិសេសនៅពេលថ្ងៃនិងពេលយប់គ្មានចរាចរណ៍ឆ្លងកាត់ច្រើនតែនៅពេល ខាងមុខត្រូវបានបញ្ជាផ្លាស់ប្តូរភ្លាមៗ ពីមណ្ឌលត្រួតពិនិត្យប្រព័ន្ធចរាចរណ៍តាមស្ថានភាពជាក់ស្តែង បើនៅលើផ្លូវណាមានការកកស្ទះវែង ដាក់ភ្លើងខៀវយូរជាងនៅលើផ្លូវដែលចរាចរណ៍តិច៕