លោកស្រីគ្លីនតុន​អញ្ជើញ​ទៅអាហ្វ្រិក​ដើម្បី​ជួយ​ជំរុញ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ ពាណិជ្ជកម្ម​ និង​សន្តិសុខ​

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រីហ៊ីល្លារី គ្លីនតុន បានចាប់បំពេញទស្សនកិច្ចនៅល្ងាចថ្ងៃអង្គារនៅប្រទេសសេណេហ្កាល់។ ទស្សនកិច្ចចំនួន ១១ថ្ងៃ នៅទ្វីបអាហ្វ្រិករបស់លោកស្រីគ្លីនតុនក្នុង គោលបំណង ជួយជំរុញអភិវឌ្ឍ ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និងសន្តិសុខ នៅក្នុងទ្វីបមួយដែលកំពុងតែ ទទួលរងការវាយលុកក្នុងវិស័យសេដ្ឋកិច្ច ដោយប្រទេសចិន។

ក្រោយពីទីក្រុងដាការនៃប្រទេសសេណេហ្កាល់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រីហ៊ីល្លារី គ្លីនតុន ត្រូវអញ្ជើញទៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអ៊ូហ្កង់ដា ប្រទេសកេនយ៉ា ម៉ាឡាវី ប្រទេសអាហ្វ្រិកខាងត្បូង និងចុងក្រោយបំផុតប្រទេសហ្កាណានៅថ្ងៃទី១០សីហា ដើម្បីចូលរួមពិធីបុណ្យសព របស់ប្រធានាធិបតីហ្កាណាដែលបានចូលមរណភាព នៅពេលថ្មីៗនេះ។

នៅទីក្រុងដាការនៃប្រទេសសេណេហ្កាល់ លោកស្រីប្រមុខការទូតអាមេរិកអញ្ជើញមកទះដៃជួយអបអរនឹងជោគជ័យរបស់លោក Macky Sall ដែលបាន ឈ្នះឆ្នោតកាលពីខែមីនាកន្លងទៅនៅចំពោះមុខការប្រកួតប្រជែង ជាមួយលោក Abdoulaye Wade ដែលបានកាន់កាប់តំណែងប្រធានាធិបតីនៅប្រទេស សេណេហ្កាល់តាំងពី ឆ្នាំ២០០០។ ទីក្រុងវ៉ាស៊ីនតោនត្រេកអរណាស់ដែលមានប្រទេសសេណេហ្កាល់ជាដៃគូដ៏មាន ប្រសិទ្ធិភាព ហើយនិងជាប្រទេស អាហ្វ្រិកមួយដែលប្រើភាសាបារាំង។

លោកស្រីគ្លីនតុនត្រូវមានជំនួបពិភាក្សាជាមួយ លោក Macky Sall នៅថ្ងៃពុធនេះ មុននឹងត្រូវឡើងថ្លែងសុន្ទរកថាមួយនៅមហាវិទ្យាល័យ Cheikh Anta Diop de Dakar ។ ប្រទេសសេណេហ្កាលតែងបានត្រូវគេកោតសរសើរពីគំរូប្រជាធិបតេយ្យដ៏កម្រ នៅទ្វីបអាហ្វ្រិក ជាពិសេសនៅអាហ្វ្រិកប៉ែកខាងលិចដែល តែងតែកើតមានវិបត្តិនយោបាយឬ រដ្ឋប្រហារ។

នៅទ្វីបអាហ្វ្រិក សហរដ្ឋអាមេរិកចង់សង្កត់បញ្ជាក់បង្ហាញឲ្យឃើញពីសារៈសំខាន់នៃ ការពង្រឹងស្ថាប័នប្រជាធិបតេយ្យ ហើយនិងការអភិវឌ្ឍន៍សកម្មភាព ពាណិជ្ជកម្ម។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាធ្លាប់បានថ្លែងប្រាប់រួចហើយកាលពីខែមិថុនាកន្លងទៅពី យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍នៅទ្វីប អាហ្វ្រិក។

ក៏ប៉ុន្តែយុទ្ធសាស្ត្រអាមេរិកត្រូវប្រឈមទល់នឹងមហិច្ឆតារបស់ប្រទេស ចិននៅអាហ្វ្រិក។ ទីក្រុងប៉េកាំងទើបនឹងបានប្រកាសឲ្យដឹងថា គេនឹងគុណទ្វេឥណទាន ចិននៅអាហ្វ្រិកឲ្យកើនឡើងដល់២០ពាន់លានដុល្លារ។ គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០០៩មក ប្រទេសចិនបានក្លាយទៅ ជាដៃគូពាណិជ្ជកម្មទីមួយរបស់ ទ្វីបអាហ្វ្រិក។ ការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំទៅបានស្ទុះកើនឡើងដល់កម្រិត ឯតទគ្គកម្មពោលគឺដល់១៦៦,៣ពាន់លានដុល្លារ ឬបានកើនឡើងប្រមាណ ៨៣%  បើប្រៀបផ្ទឹមទៅនឹងឆ្នាំ២០០៩។ នេះបើយោងតាមតួលេខរបស់ទីក្រុងប៉េកាំង។

នៅថ្ងៃព្រហស្បតិ៍ លោកស្រីគ្លីនតុនត្រូវអញ្ជើញទៅប្រទេសស៊ូដង់ខាងត្បូង ដោយឆ្លងកាត់តាមប្រទេសអ៊ូហ្កង់ដា។ ប្រទេសស៊ូដង់ខាងត្បូងជារដ្ឋក្មេងខ្ចី ជាងគេក្នុងលោក ដែលទើបនឹងបានប្រារព្ធបុណ្យខួបឯករាជ្យឆ្នាំទី១របស់ខ្លួន នៅថ្ងៃទី៩កក្កដាកន្លងទៅថ្មីៗនេះ។ លោកស្រីប្រមុខការទូតអាមេរិកត្រូវជួប ពិភាក្សាជាមួយលោកប្រធានាធិបតី Salva Kiir ដើម្បីបញ្ជាក់បង្ហាញឲ្យឃើញនូវការគាំទ្ររបស់ស.រ.អា ហើយនិងការជំរុញឲ្យមានកិច្ចចរចារវាង ប្រទេសស៊ូដង់ទាំងពីរជាបងប្អូន ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ហើយនិងបញ្ហាប្រេងកាត។ សូមបញ្ជាក់ថា ប្រទេសស៊ូដង់ ទាំងពីរជាបងប្អូនមានបញ្ហាជម្លោះព្រំដែន ហើយនិងការបែងចែកសម្បត្តិធម្មជាតិ ដូចជាប្រេងកាតជាដើម។

បន្ទាប់ពីប្រទេសស៊ូដង់ខាងត្បូង លោកស្រីគ្លីនតុនត្រូវអញ្ជើញប្រទេសអ៊ូហ្កង់ដា ទោះបីជានៅទីនោះកំពុងកើតមានជម្ងឺបង្កឡើងមេរោគ អេបូឡា ក៏ដោយ។ បន្ទាប់មកទៀត លោកស្រីត្រូវអញ្ជើញទៅប្រទេសកេនយ៉ា ដើម្បីនិយាយពីបញ្ហាបោះឆ្នោតនៅឆ្នាំ២០១៣។ បន្ទាប់មកទៀត លោកស្រីប្រមុខការទូត អាមេរិក ត្រូវ អញ្ជើញទៅប្រទេសម៉ាឡាវី ហើយនិងប្រទេសអាហ្វ្រិកខាងត្បូងពីថ្ងៃទី៥សីហា ដល់ថ្ងៃទី៩សីហា ដោយមានជំនួបពិភាក្សាជាមួយលោកតា ណែលសុន ម៉ង់ដែឡា។ ហើយដំណើរទស្សនកិច្ចចុងក្រោយនៅថ្ងៃទី១០សីហានៅប្រទេសហ្កាណាដើម្បី ចូលរួមពិធីបុណ្យសពរបស់លោកប្រធានាធិបតី John Evans Atta Mills៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close